Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន២ថ្ងៃនៅហ្វីលីពីន ពិភាក្សាលើសន្តិសុខថាមពល ស្បៀង សុវត្ថិភាពពលរដ្ឋអាស៊ាន

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខថាមពល ស្ថិរភាពសន្តិសុខស្បៀង និងសុវត្ថិភាពពលរដ្ឋអាស៊ាន និងផ្លាស់ប្ដូរទស្សនៈលើបញ្ហាវិវត្តថ្មីៗលើសកលលោក ដើម្បីសន្តិភាព។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី៥ ខែឧសភា នេះ និងបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន ជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា ៖«ក្រោមមូលបទ ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ »។

តាមក្រសួងការបរទេស ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផល ប្រយោជន៍រួម។

បើតាមក្រសួងការបរទេស ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចូលរួមកិច្ចប្រជុំនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម