Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត «យើងត្រូវដោះស្រាយតាមផ្លូវការទូតឱ្យអស់លទ្ធភាព ជាជាងការច្បាំងគ្នា»

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រនេះ ពីវេទិកានៃការប្រារព្វទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា បើទោះបីជាយន្តការការទូតនៅមានសង្ឃឹមត្រឹមតែ១ភាគរយក៏ដោយ ក៏សម្តេចនៅតែជ្រើសរើសប្រើប្រាស់យន្តការនេះ ដើម្បីបញ្ចៀសការពលីទាហាន និងប្រជាជន ក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានមានប្រសាសន៍ថា ការបញ្ចៀសកុំឱ្យមានការប្រយុទ្ធគ្នា ពុំមានន័យថា កម្ពុជាព្រមកាត់ទឹកដីឱ្យទៅភាគីម្ខាងទៀតនោះទេ។ ក៏ប៉ុន្តែកម្ពុជាកំពុងប្រើប្រាស់យន្តការដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ តាមរយៈការទូត និងផ្អែកលើច្បាប់អន្តរជាតិ។  

សម្រាប់យន្តការដោយសន្តិវិធីនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា «បើសិនជាការដោះស្រាយតាមសន្តិវិធី នៅមានឱកាសសូម្បីតែមួយភាគរយ ដែលយើងនៅអាចបើកទ្វារចូលចរចាបញ្ចប់រឿង ការពារបូរណភាពទឹកដី ដោយតាមសន្តិវិធី យើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ជាជាងការច្បាំងគ្នា»

នេះគឺជាជម្រើស ដែលសម្ដេចធិបតី អះអាងថា ដើម្បីបញ្ចៀសកុំមានការបង្ហូរឈាម ដោយអាចការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ហើយក៏បានការពារទ្រព្យសម្បត្តិ និង​អាយុជីវិតពលរដ្ឋ។

ការបញ្ជាក់ជាថ្មីម្ដងទៀតពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជាដូច្នេះ ជាការឆ្លើយតបទៅនឹងការវិភាគរបស់ក្រុមបុគ្គលមួយចំនួននៅឯក្រៅប្រទេស ដែលបានធ្វើការវិភាគ និងបកស្រាយខុសពីការពិត ដែលសម្ដេចបានលើកឡើងពាក់ព័ន្ធជំហរខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជា។ កន្លងទៅ សម្ដេចធិបតី ធ្លាប់បានបញ្ជាក់ថា យន្តការការទូត គឺជាជម្រើសអទិភាព ដែលរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ បើទោះបីជាជម្រើសនេះ នៅមានសង្ឃឹមតិចតួចក៏ដោយ ក៏នៅតែប្រឹងប្រែងប្រើប្រាស់យន្តការនេះ។

ជាថ្មីម្ដងទៀត ពីវេទិកានាព្រឹកនេះ សម្ដេចធិបតីបានពន្យល់ថា មួយភាគរយដែលសម្ដេចបានលើកឡើងនោះ គឺសំដៅពីឱកាសដែលនៅមានក្នុងការចាប់យកជម្រើសដោយសន្តិវិធី ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ សម្ដេចសង្កត់ធ្ងន់ថា «មួយភាគរយនៃលទ្ធភាពដើម្បីបើកការចរចា មិនទាន់បិទ តាមសន្តិវិធី មិនមែនមួយភាគរយនៃការយកឈ្នះគេក្នុងការចរចានោះទេ»។ ក្នុងករណីទ្វារចរចាត្រូវបិទ សម្ដេចគូសបញ្ជាក់ថា កម្ពុជាត្រូវតែបន្តទៅរកយន្តការច្បាប់អន្តរជាតិ ដែលតួយ៉ាងដូចករណីពាក់ព័ន្ធបញ្ហាដែនទឹកសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ គឺកម្ពុជាសម្រេចងាកទៅរកយន្តការច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បន្ទាប់ពីថៃបានដកខ្លួនជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៅក្នុងឈូងសមុទ្រថៃ កាលពីពេលថ្មីៗនេះ។

ជាការឆ្លើយតបនឹងការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីយន្តការទ្វេភាគីនេះ កម្ពុជាបានជ្រើសរើសនូវយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយនូវគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម