Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ជាថ្មីក្នុងការប្តេជ្ញាចិត្តគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុក នៃរបួសខួរក្បាលដោយការប៉ះទង្គិច

បានផុស

នៅ

កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុក នៃរបួសខួរក្បាលដោយការប៉ះទង្គិច ដែលបណ្តាលឱ្យមានការស្លាប់អាចការពារបាន និង ពិការភាពរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពីរបួសខួរក្បាលដោយការប៉ះទង្គិច នៅមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពី “ភាពជាអ្នកដឹកនាំជាតិ និង ការប្តេជ្ញាចិត្តជាសកលលើប្រធានបទ របួសខួរក្បាលដោយការប៉ះទង្គិចរួមមាន លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំរដ្ឋមន្ត្រីមកពីប្រទេសហ្គាតេម៉ាឡា អ៊ីតាលី ប៉ាគីស្ថាន និង តង់ហ្សានី។

នៅក្នុងកិច្ចពិភាក្សា លោកសាស្ត្រាចារ្យ ឡឹម តារា បានលើកឡើងថា របួសខួរក្បាលដោយការប៉ះទង្គិច គឺជាបញ្ហាប្រឈមដ៏សំខាន់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និង សង្គម ហើយកំពុងមាននិន្នាការកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ពីអាទិភាពជាតិរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ តាមរយៈវិធានការសំខាន់ៗ ដូចជា ៖ ១.ការផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់ នៃការពាក់មួកសុវត្ថិភាពឱ្យកាន់តែប្រសើរ។ ២.ការអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍។ ៣.ការពង្រឹងប្រព័ន្ធថែទាំមុនចូលមន្ទីរពេទ្យ និង ប្រព័ន្ធសង្គ្រោះបន្ទាន់។ ៤.ការស្តារសមត្ថភាពពលកម្ម រួមជាមួយការថែទាំរយៈពេលវែង។ ៥.ការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស ក្នុងជំនាញវះកាត់សរសៃប្រសាទ ការវះកាត់របួស និង ការសង្គ្រោះកម្រិតធ្ងន់ធ្ងរ។

លោកសាស្រ្តាចារ្យ បានលើកឡើងថា កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុក នៃរបួសខួរក្បាលដោយការប៉ះទង្គិច ដែលបណ្តាលឱ្យមានការស្លាប់អាចការពារបាន និង ពិការភាពរយៈពេលវែង។

កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង គណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល អមដំណើរដោយ លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងពិធីបើកមហា សន្និបាតសុខភាពពិភពលោក លើកទី ៧៩ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល ៖ ការទទួលខុសត្រូវរួមគ្នា» ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលទូទាំងពិភពលោក នៃបណ្តារដ្ឋសមាជិកចំនួន ១៩៤៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម