Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ ឆ្នាំ ២០២៥ ជំងឺមិនឆ្លង ៤ ប្រភេទ ហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អះអាង​ថា ​ឆ្នាំ ​២០២៥​ កន្លងទៅនេះ ជំងឺ​មិន​ឆ្លង​ចំនួន ​៤​ ប្រភេទ​ រួមមាន​ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​មហារីក បាន​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​ បណ្តាល​មកពី​ការ​ធ្វេសប្រហែស​របស់​អ្នក​ជំងឺ​ទៅ​លើ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​សមិទ្ធផល​ការងារ​ឆ្នាំ​ ២០២៥ ​របស់​ក្រសួងសុខាភិបាល​ កាលពី​រសៀល​ថ្ងៃ​ទី ២៦ ​មករា លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​ក្នុងនោះ​ ករណី​ជំងឺ​ទឹកនោមផ្អែម​ថ្មី​ បាន​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​ចំនួន ​២៩២១៩៧​ ករណី ​មានការ​កើនឡើង ២៦,៨%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៤​ និង​មាន​អ្នកជំងឺ​សម្រាក​ពេទ្យ​ចំនួន​ ១៨៤២៩​ នាក់​។ ចំណែក ករណី​ថ្មី​ ជំងឺ​លើស​សម្ពាធ​ឈាម​វិញ​ មាន​អ្នកជំងឺ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​ចំនួន​ ៤៥១០០៩​ ករណី​ កើនឡើង​ ១២,២០%​ និង​មាន​អ្នកជំងឺ​សម្រាក​ពេទ្យ​ ៤១៤៦៣ ​នាក់ កើន​ឡើង ​១៩,១៧%​ ធៀប​នឹង​ឆ្នាំ​ ២០២៤។ ចំពោះ​ករណី​ថ្មី​ នៃ​ជំងឺ​​សរសៃឈាម​បេះដូងមាន ​អ្នកជំងឺ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​ចំនួន​ ១៥៣២៤ ​ករណី​ និង​អ្នកជំងឺ​សម្រាក​ពេទ្យ​ ២៥៤៨០​ នាក់​ ក្នុងនោះ​ ស្លាប់​ ១០៩១​ នាក់​ និង​ករណី​ថ្មី​ នៃ​ជំងឺ​មហារីក មាន​អ្នកជំងឺ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​ចំនួន ​៣៥៩២១​ ករណី​ កើនឡើង​ ១៣,៩%​ ធៀប​នឹង​ឆ្នាំ ២០២៤ ​ក្នុងនោះ ​ស្លាប់ ១៥៥ នាក់។

បើ​តាម​ លោក​រដ្ឋមន្ត្រី​ ថា ការកើនឡើង ​នៃ​ជំងឺមិនឆ្លង​ នាពេលនេះ កើតឡើង​ដោយសារ​កត្តា​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​ចម្បង​រួមគ្នា ​គឺ របប​អាហារ​ដែល​គ្មាន​សុខុមាលភាព ការប្រើប្រាស់​ថ្នាំ​ជក់ កង្វះ​សកម្មភាព​រាងកាយ និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ ឥរិយាបថ​ដែល​គ្មាន​សុខុមាលភាព ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មាន​កត្តា​ហានិភ័យ​ផ្នែក​ជីវសាស្ត្រ​ពាក់ព័ន្ធ រួមមាន ការ​ឡើង​សម្ពាធ​ឈាម ការ​កើនឡើង​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ការ​លើស​ទម្ងន់ ភាព​ធាត់ និង​ការ​ប្រែប្រួល​ប្រជាសាស្ត្រ​ក៏​ជា​កត្តា​ចូលរួម​ចំណែក​ឲ្យ​កើត​មាន​ជំងឺ​មិន​ឆ្លង។ ដូច្នេះ ការ​បង្ការ​ជំងឺ​មិន​ឆ្លង អាច​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​បាន ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ប្រជាជន​គ្រប់រូប អង្គការ​ដៃគូ ក្រសួង​ស្ថាប័ន-ពាក់ព័ន្ធ និង​ការ​ចូលរួម​របស់​អាជ្ញាធរ ភូមិ ឃុំ សង្កាត់។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ទៀតថា ​ក្នុងការ​ជៀសវាង​បាន​ពី​ជំងឺ និង​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​ចម្បងៗ ត្រូវការ​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល រឹងមាំ អភិក្រម នវានុវត្តន៍ និង​យន្តការ​ហិរញ្ញប្បទាន​សមស្រប ដើម្បី​ផ្តល់​សេវា​ជំងឺ​មិន​ឆ្លង សេវា​ជំងឺ​សុខភាព​ផ្លូវចិត្ត ប្រកប​ដោយ​ប្រសិទ្ធភាព និង​កាត់បន្ថយ​ជា​អតិបរមា​ឥរិយាបថ​ហានិភ័យ​ដល់​សុខភាព នៅ​ក្នុង​ក្របខណ្ឌ​រួម ​នៃ​ការ​ពង្រឹង​សមត្ថភាព និង​ទំនើបកម្ម​ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​សុខភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម