Connect with us

នយោបាយ

បក្សបង្កើតថ្មីដែលចេញពីបក្សទាំង២៩ក្នុងសម្ព័ន្ធភាព សម្ដេច ហ៊ុន សែន ប្រកាសមិនឱ្យចូលសម្ព័ន្ធភាពនេះឡើយ

បានផុស

នៅ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនគាំទ្រឡើយចំពោះការបង្កើតគណបក្សថ្មី ដែលបំបែកចេញពីគណបក្សនយោបាយទាំង២៩នៅក្នុងសម្ព័ន្ធភាព។ ជាជំហររបស់សម្ដេចតេជោគឺមិនអនុញ្ញាតឱ្យបក្សថ្មីនោះចូលជាសមាជិកសម្ព័ន្ធភាពទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដេចតេជោបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ជាមួយបណ្ដាមេដឹកនាំគណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព ដែលមាន ២៩គណបក្ស។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃនេះ ដោយបានទម្លាយពីប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្ដាប្រធានគណបក្សសម្ព័ន្ធភាពទាំងអស់ពាក់ព័ន្ធនឹងការពង្រឹងនូវផ្ទៃក្នុងរបស់សម្ព័ន្ធភាពទាំង២៩។

បើតាមលោក ជា ធីរិទ្ធ នៅក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោបានសង្កត់ធ្ងន់ចំពោះគណបក្សបង្កើតថ្មីទាំងឡាយណា ដែលកើតចេញពីសម្ព័ន្ធភាពនេះ ជាជំហររបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជំហរផ្ទាល់របស់សម្ដេចតេជោ គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះឡើយ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ គូសបញ្ជាក់ដូច្នេះថា «ការបង្កើតគណបក្សថ្មី ដែលចេញពីសម្ព័ន្ធភាពទាំង២៩នេះ ទៅបង្កើតគណបក្សដទៃទៀត ហើយចង់ចូលសម្ព័ន្ធភាពនេះ ជាជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្ញុំគិតថាជំហររបស់គណបក្សសម្ព័ន្ធដទៃក៏ដូចគ្នាដែរ យើងមិនឯកភាពឱ្យមានការបង្កើតគណបក្សថ្មីដែលចេញពីគណបក្សសម្ព័ន្ធភាព ហើយចូលមកជាមួយគណបក្សសម្ព័ន្ធភាពដដែលទេ»

លោក ថា នេះជាជំហរ និងជាគោលការណ៍យ៉ាងច្បាស់លាស់សម្រាប់បក្សសម្ព័ន្ធភាពទាំង២៩ត្រូវអនុវត្ត ដើម្បីចៀសវាងកុំឱ្យមានការបង្កើតគណបក្សច្រើន ដែលចេញពីគណបក្សសម្ព័ន្ធដដែល។ ប៉ុន្តែក្នុងន័យនេះ លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា មិនមែនជាការបិទសិទ្ធិសេរីភាពក្នុងការបង្កើតគណបក្សនយោបាយនោះទេ ពោលគឺសិទ្ធិបង្កើតគណបក្ស ត្រូវបានបើកចំហ ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងតាមច្បាប់ជាធរមាន។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំអំណាច និងជាគណបក្សនយោបាយដ៏រឹងមាំនៅកម្ពុជា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ​គណបក្សនយោបាយចំនួន២៨ផ្សេងទៀត កាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣។ ការចងសម្ព័ន្ធ​ភាពនេះ គឺជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាពនៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយជាការប្រមូលផ្តុំកម្លាំង ដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតេយ្យជាតិ និងសន្តិភាព ព្រមទាំងទប់ស្កាត់កម្លាំងជ្រុលនិយម។ ក្នុងពេលចុះហត្ថលេខាចងសម្ព័ន្ធភាពនោះ គណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក៏បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពរវាងគ្នាចំនួន៨ចំណុច៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម