ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ «វិធីសាស្រ្ត ៣កុំ ១ការពារ»ជាអាវុធឌីជីថលរបស់យុវវ័យ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ក្នុងឱកាស លោកអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី ។

លោកបានបញ្ជាក់ថា វិធីសាស្រ្ត«៣កុំ ១ការពារ» រួមមានៈ ទី១ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកធ្វើឱ្យរំជើបរំជួល ឬគួរឱ្យខ្លាច ត្រូវគិតសិនកុំអាលវាយតម្លៃថាជាការពិត ខ្លាចជាការប្រឌិតព័ត៌មានដើម្បីទាក់ទាញការចូលមើល(View)។ ទី២ កុំទាន់ចែករំលែក (Share) ៖ ត្រូវចំណាយពេល ១៥វិនាទីពិនិត្យប្រភពឱ្យច្បាស់ បើមិនច្បាស់ដាច់ខាតកុំចែករំលែក និងទី៣ កុំប្រហែស៖ ត្រូវការពារលេខកូដសម្ងាត់គណនីរបស់យើងកុំឱ្យអ្នកណាដឹង និងមិនត្រូវចុចលើតំណ (Link)ប្លែកៗ ផ្តេសផ្តាស់ ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ចំណែក១ការពារ៖ គឺត្រូវការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយបង្កើន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។

លោកអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍គួសបញ្ជាក់ថា «នៅក្នុងការរស់នៅជាមួយពិភពឌីជីថលយុវវ័យបច្ចុប្បន្នកំពុងប្រឈមខ្លាំងនឹងគ្រោះថ្នាក់ចម្បង៣យ៉ាងរួមមានៈ ទី១.ព័ត៌មានក្លែងក្លាយ មានដូចជាការប្រឌិតរឿង កាត់តរូបភាពបង្កើតភាពវឹកវរក្នុងសង្គម ទី២.ការផ្សាយដើម្បីឆបោកតាមអនឡាញ ដោយជនឆបោកបានផ្ញើលីងបោកប្រាស់ដើម្បីលួចទិន្នន័យ និងគណនី និងទី៣.ការគំរាមកំហែងតាមសម្តីតាមរយៈការប្រើប្រាស់ពាក្យជេរប្រមាថ និងបង្ហោះរូបភាពសើចចំអកអនឡាញ។

នៅក្នុងឱកាសនោះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

សូមបញ្ជាក់ថា ការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាលីករដ៏សំខាន់ក្នុងការកសាងភាពធន់ក្នុងស្រទាប់គ្រួសារ និងសហគមន៍កម្ពុជា។ វានឹងជួយពង្រឹងសមត្ថភាពម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់រាល់ហានិភ័យ ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល និងការបំភាន់មតិក្នុងចេតនាទុច្ចរិត៕
























-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


