Connect with us

ព័ត៌មានជាតិ

ប្រទេសសមាជិកមហាអនុតំបន់មេគង្គជួបជជែកគ្នានៅភ្នំពេញ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជា បានរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គសម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលវេទិកានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ វេទិកាពិភាក្សាកម្រិតអនុតំបន់នេះ គឺផ្ដោតលើប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យគ្រប់ក្រសួងស្ថាប័ន និងរាជធានីខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ជាពិសេសតំណាងមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន៖ ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

បើតាមលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមករវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គពាក់ព័ន្ធនឹងប្រភេទនៃព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអក្ខរកម្មឌីជីថល ក្នុងចំណោមប្រជាជននៃប្រទេសមហាអនុតំបន់មេគង្គ។ ម្យ៉ាង គឺដើម្បីលើកកកម្ពស់តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសវិធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមហាអនុតំបន់មេគង្គ។

លោក បន្តថា វេទិកានេះទទួលបានការគាំទ្រពីមូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីភាគីចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងការសម្របសម្រួលពីក្រសួងការបរទេសកម្ពុជា។

ថ្លែងបើកវេទិកាខាងលើ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វេទិកានេះ នឹងរួមចំណែកដល់ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជននៅក្នុងតំបន់ និងសកលលោក តាមរយៈការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋទៅនឹងភាពរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយទទួលខុសត្រូវខ្ពស់។

លោក បានគូសបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូមេគង្គទាំងអស់ ដើម្បីពង្រឹងសុចរិតភាពព័ត៌មាន លើកកម្ពស់ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងកសាងភាពធន់ឌីជីថលនៅទូទាំងតំបន់។ ពីវេទិកានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក ថា ការគាំទ្ររបស់ចិនមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញឱ្យយុទ្ធនាការតំបន់នេះប្រព្រឹត្តទៅបានដោយរលូន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម