Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ត្រាំ​ ចង់​ចួប​មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​ លោក Mojtaba Khamenei  

បានផុស

នៅ

ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានសម្តែងក្តីសង្ឃឹមថានឹងបានជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលមិនទាន់បង្ហាញខ្លួនជាសាធារណៈទាល់តែសោះ ចាប់តាំងពីឡើងកាន់តំណែងពីឪពុកមក។

ភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី០៣ ខែមិថុនា បានផ្សាយថា លោក Mojtaba Khamenei វ័យ៥៦ឆ្នាំ បានបាត់មុខរហូតមក បន្ទាប់ពីរងរបួសក្នុងការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់អាមេរិក-អ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។

លោក ត្រាំ និយាយ​ក្នុង​ផតខាស «Pod Force One» របស់​កាសែត​ New York Post ថា​៖ «ខ្ញុំចង់ជួបគាត់ ហើយពួកយើងប្រហែលជានឹងជួបគ្នា នៅពេលណាមួយ អាស្រ័យទៅលើការវិវឌ្ឍជាក់ស្តែងនៃស្ថានភាពទាំងមូល»។

ប្រធានាធិប​តី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​អ្នក​កាសែត សួរ​អំពី​សុខភាពមេដឹក​នាំ​កំពូល​អ៊ីរ៉ង់​ និង​ការ​ពាក់​ព័ន្ធ​នៃ​សង្រ្គាម​បច្ចុប្បន្ន​ លោក ត្រាំ​ បន្ថែមថា៖ « លោក Khamenei ពិត​ជា​មាន​ជាប់ពាក់ព័ន្ធ។ ពួកគេ​[ភាគី​អ៊ីរ៉ង់​] និយាយថា គាត់​កំពុង​ផ្តល់​ការ​សម្រេច​ចិត្ត​នានា»។

ដោយ​ឡែក រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio ប្រាប់​គណៈ​កម្មាធិការសភាកាល​ពីថ្ងៃអង្គារ​ថា លោក Mojtaba Khamenei នៅមានជីវិត និង​កាន់​តែសកម្ម​ទៀត​ផង​។

លោក Rubio​ ថា​៖ « ខ្ញុំគិតថា​មានការចង្អុលបង្ហាញ​នៅទីនោះ​ វត្ត​មាន​គាត់​កំពុង​ចូល​រួម​កាន់តែខ្លាំង ​នៅកម្រិត​ណាមួយ​»។

គួរ​បញ្ជាក់​ថា ការវាយប្រហាររបស់​អ៊ីរ៉ង់​កាលពីថ្ងៃពុធ​លើ​អាកាស​យាន​ដ្ឋានគុយវ៉ែត​ បានក្លាយជាការសាកល្បងដ៏ធ្ងន់ធ្ងរបំផុត​មួយទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ កាលពីថ្ងៃទី៨ ខែមេសា។

ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់អះអាង​ពីការវាយប្រហារនេះ​ជាការសងសឹក​ ចំពោះ​ការវាយប្រហារ​របស់សហរដ្ឋអាមេរិក​លើនាវាដឹកប្រេង និងកោះអ៊ីរ៉ង់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម