ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ផ្ញើលិខិតទៅ ពូទីន បបួលជួបចរចាទល់មុខគ្នា ដើម្បីបញ្ចប់សង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្រេចចិត្តធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយផ្ទាល់ ដើម្បីបបួលជួបចរចាគ្នាទល់មុខ។

ចុះផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន Independent បានឱ្យដឹងថា នៅក្នុងលិខិតនោះ លោក ហ្សេលេនស្គី មិនត្រឹមតែបបួលចរចាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរិះគន់ចំៗយ៉ាងចាស់ដៃ ទៅលើការដឹកនាំប្រទេសអស់រយៈពេល ២៦ឆ្នាំរបស់មេដឹកនាំរុស្ស៊ីរូបនេះទៀតផង។ នេះគឺជាលើកទីមួយបង្អស់ហើយ ដែលមេដឹកនាំអ៊ុយក្រែនបាននិយាយទៅកាន់លោក ពូទីន ជាសាធារណៈ ចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកចូលឈ្លានពានអ៊ុយក្រែនពេញទំហឹង កាលពីឆ្នាំ២០២២ កន្លងទៅ។
មូលហេតុដែលនាំឱ្យលោក ហ្សេលេនស្គី ដាច់ចិត្តផ្ញើលិខិតនេះ គឺដោយសារតែលោកមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែងាកទៅយកចិត្តទុកដាក់លើរឿងផ្សេង ជាពិសេសគឺសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា វាជាការខុសឆ្គងមួយ ប្រសិនបើអ៊ុយក្រែនគ្រាន់តែអង្គុយរង់ចាំឱ្យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មកជួយដោះស្រាយរឿងសង្គ្រាមនៅអ៊ុយក្រែននោះ។
ភ្លាមៗនោះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញមុខមកគាំទ្រគំនិតនេះ ដោយលោកលើកឡើងថា វាជារឿងដ៏ល្អបំផុត ប្រសិនបើមេដឹកនាំទាំងពីរអាចជួបគ្នាបាន ហើយលោកជឿជាក់ថា ភាគីទាំងសងខាងត្រូវតែធ្វើការសម្បទាន ឬយោគយល់គ្នាទៅវិញទៅមក ដើម្បីបញ្ចប់សង្គ្រាមនេះ។
ឱកាសនៃការបបួលចរចានេះកើតឡើង ចំពេលដែលអ៊ុយក្រែនចាប់ផ្តើមមានប្រៀបនៅលើសមរភូមិឡើងវិញ ដោយសារពួកគេមានសមត្ថភាពអាចបាញ់ប្រហារក្នុងចម្ងាយឆ្ងាយ ដែលធ្វើឱ្យការវាយលុករបស់រុស្ស៊ីជួបការលំបាក។ ទោះជាយ៉ាងណាក៏ដោយ ក្រុងមូស្គូក៏បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងសាហាវឃោរឃៅមកលើអ៊ុយក្រែនវិញដូចគ្នា ដើម្បីកេងចំណេញពីការខ្វះខាតគ្រាប់រំសេវរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានស្នើថា ការចរចានេះគួរតែធ្វើឡើងនៅក្នុងប្រទេសទីបីដែលជាភាគីកណ្តាល ដូចជា ប្រទេសស្វីស តួកគី ឬបណ្តាប្រទេសអារ៉ាប់ ដោយលោកមិនទៅទីក្រុងមូស្គូ ហើយក៏មិនបបួលលោក ពូទីន មកទីក្រុងកៀវនោះដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានព្រមានថា បើតាមប្រភពចារកម្ម រុស្ស៊ីកំពុងមានផែនការអូសបន្លាយសង្គ្រាមនេះទៅដល់ឆ្នាំ ២០២៧ ឬ ២០២៨ ឯណោះ ដោយសារតែការវាយលុកលើដីគោករបស់ពួកគេមិនបានសម្រេច។ លោកក៏បានចោទប្រកាន់រុស្ស៊ីថា ព្យាយាមទាញប្រទេសបេឡារុសឱ្យចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំង និងព្យាយាមបង្កើតភាពវឹកវរនៅតំបន់ Transnistria របស់ប្រទេសម៉ុលដាវីថែមទៀតផង។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីខ្លួនឯងក៏កំពុងតែទ្រុឌទ្រោមខ្លាំងដែរ ដោយសារតែការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី បញ្ហាសេដ្ឋកិច្ច ការខ្វះខាតប្រេងឥន្ធនៈ និងទំនិញឡើងថ្លៃ រួមទាំងការបាត់បង់ជីវិតទាហានរុស្ស៊ីរហូតដល់ទៅជាង ៣ ម៉ឺននាក់ គ្រាន់តែនៅក្នុងខែឧសភាតែមួយប៉ុណ្ណោះ។
ជាចុងក្រោយ លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ក្នុងការឈប់បាញ់ទាំងស្រុងនៅពេលកំពុងចរចា ហើយលោកបានស្នើឱ្យមានការដោះដូរអ្នកទោសសង្គ្រាមទាំងអស់គ្នាទៅវិញទៅមក ក៏ដូចជាការប្រគល់ជនស៊ីវិល និងកុមារអ៊ុយក្រែន ដែលរុស្ស៊ីបានចាប់ខ្លួនយកទៅនោះ ត្រឡប់មកផ្ទះវិញ។ លោកបានផ្ញើសារចុងក្រោយទៅកាន់លោក ពូទីន ទាំងអង់អាចថា ពិភពលោកមិនទាន់នឿយណាយនឹងអ៊ុយក្រែន ដូចអ្វីដែលរុស្ស៊ីស្រមៃចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញ ពិភពលោកកំពុងតែធុញទ្រាន់នឹងរុស្ស៊ីខ្លាំងឡើងៗហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


