Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​ប្រាសាទ ទស្សនា​សារមន្ទីរ​ផ្តល់​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទេសចរ​មក​កម្សាន្ត​តំបន់​​អង្គរ

បានផុស

នៅ

សារមន្ទីរ​ដើរ​តួនាទី​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​​​ផ្តល់​បទ​ពិសោធន៍​​បន្ថែមសម្រាប់​ទេសចរ​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅ​ពី​ការ​ទស្សនា​តាម​ប្រាសាទ​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេស សុធី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ និង​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា សារមន្ទីរដើរតួនាទីយ៉ាង​សំខាន់​ជាផ្នែកមួយនៃផលិតផលទេសចរណ៍​ ដែល​ភ្ញៀវ​ទេសចរ​អាច​ចូលទៅទស្សនាសារមន្ទីរទាំងនេះមុន ឬក្រោយពេលទស្សនាប្រាសាទ ដើម្បីស្វែង​យល់​ជាមុននូវព័ត៌មានពាក់ព័ន្ធ​នានា។

លោក ទេស​ សុធី បញ្ជាក់ថា «ក្រៅពីការ​ទស្សនាតាមប្រាសាទ ភ្ញៀវទេសចរ​គួរ​ចូល​​ទៅ​ទស្សនា​តាម​សារមន្ទីរ​មួយ​ចំនួន​ដូចជា​ សារ​មន្ទីរ​សូត្រ សារមន្ទីរ​អង្គរ សារមន្ទីរ organic ដើម្បីទទួល​បាន​ចំណេះដឹងផ្សេងៗសិល្បៈបុរាណ កំណាយស្រាវជ្រាវ និងវត្ថុមានតម្លៃផ្សេងៗដ៏សម្បូរបែប»។

រមណីយដ្ឋានអង្គរមានសារមន្ទីរចំនួន ៣ ស្ថិតនៅក្រោម​ការ​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ គឺជាសារមន្ទីរជាតិដ៏សំខាន់មួយនៅខេត្តសៀមរាប ដែលឧទ្ទិសដល់ការថែរក្សា និងដាក់តាំងបង្ហាញវត្ថុបុរាណ ព្រមទាំងប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ។ សារមន្ទីរនេះគឺជាឃ្លាំងស្តុកចំណេះដឹងបុរាណវិទ្យា ដែលប្រមូលផ្តុំវត្ថុមានតម្លៃជាច្រើនពីការធ្វើកំណាយស្រាវជ្រាវនានា។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ កើត​ឡើង​ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-​ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម ដែល​មាន​តាំងបង្ហាញនូវសមុច្ច័យសំខាន់ៗ​ក្នុងសាលពិព័រណ៍ទាំង ៤ របស់សារមន្ទីរមានដូចជា សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ ដើម្បីថែរក្សា ប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញ​ពី​ទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ។

ខណៈ​សារមន្ទីរកុលាលភាជន៍ឡតានី គឺជាសារមន្ទីរដំបូងគេ និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែល​សាង​សង់ឡើងនៅលើទីតាំងស្ថានីយឡបុរាណផ្ទាល់ មានទីតាំង​នៅ​ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រភាគឦសានក្រុងសៀមរាប។

សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។ 

ក្រៅពីសារមន្ទីរទាំងបីនេះ ក្នុងក្រុងសៀមរាបក៏មានសារមន្ទីរជាតិអង្គរដ៏ធំមួយ ដែលជាទីតាំងតាំងពិព័រណ៍វត្ថុបុរាណសម័យអង្គរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម