ព័ត៌មានជាតិ
ក្រុមហ៊ុន Axiata និងក្រុមហ៊ុន NINE ផ្តល់ជូនស្វ័យប្រវត្តិកម្មគេហដ្ឋានតាមរយៈឧបករណ៍ IoT ថ្មីៗ
គ្រប់គេហដ្ឋានទាំងអស់ឥឡូវនេះអាចក្លាយជាផ្ទះឆ្លាតវៃ ជាមួយនឹងឧបករណ៍អ៉ីនធើណេត Internet of Thing (IoT) ទំនើប ដែលអាចរកទិញបាននៅតាមហាង Smart Shop មួយចំនួន។
ឧបករណ៍ទាំងនេះអាចគ្រប់គ្រងបានតាមរយៈកម្មវិធីទូរសព្ទស្មាតហ្វូន ដែលអាចឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពីចម្ងាយ និងរក្សាសុវត្ថិភាពដល់ទ្រព្យសម្បត្តិរបស់ពួកគេ។ ឧបករណ៍ IoT ថ្មីៗទាំងនេះត្រូវបានផលិតឡើងដើម្បីផ្តល់ជូនម្ចាស់ផ្ទះនូវសន្តិសុខ ការគ្រប់គ្រង និងភាពងាយស្រួលបន្ថែមទៀត។
ក្រុមហ៊ុន Smart Axiata បានដាក់លក់ឧបករណ៍ IoT ថ្មីៗជាច្រើន ដូចជាម៉ាស៊ីនថតសុវត្ថិភាព ឧបករណ៍ចាប់ផ្សែងអំពូលភ្លើងប្រើជាមួយ Wi-Fi និងឧបករណ៍បញ្ជា Wi-Fi ដោយសហការជាមួយក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក NINE។ បច្ចេកវិទ្យាថ្មីៗនេះនឹងអាចឱ្យអតិថិជនគ្រប់គ្រងឧបករណ៍អេឡិចត្រូនិកប្រចាំថ្ងៃរបស់ខ្លួនបានតាមរយៈកម្មវិធីទូរសព្ទដៃ Smart Life។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ “ឧបករណ៍ IoT ឬ Internet of Things ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរជីវិតរបស់មនុស្ស និងរបៀបដែលពួកគេប្រើប្រាស់បច្ចេកវិទ្យា។ តាមរយៈការតភ្ជាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃជាមួយអ៉ិនធើណេត អ្នកប្រើប្រាស់ឧបករណ៍ឆ្លាតវៃនៅថ្ងៃនេះនឹងមានការគ្រប់គ្រងកាន់តែខ្លាំងលើជីវិតប្រចាំថ្ងៃបែបទំនើប និងសន្តិសុខផ្ទះរបស់ពួកគេ”។
លោកបានបន្ថែមថា “ផលិតផល IoT សម្រាប់គេហដ្ឋានថ្មីៗទាំងនេះបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាខាងផ្នែកបច្ចេកវិទ្យាចល័ត និងត្រួសត្រាយផ្លូវឆ្ពោះទៅរកអនាគតនៃបច្ចេកវិទ្យា 5G របស់ប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពជាខ្លាំងចំពោះតួនាទីដែលក្រុមហ៊ុន Smart Axiata កំពុងដើរតួរក្នុងកិច្ចប្រឹងប្រែងនេះ ដើម្បីធ្វើទំនើបកម្មឌីជីថលនៅកម្ពុជា”។
ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុងដាក់ដំណើរការគំនិតផ្តួចផ្តើម IoT នេះឡើង ដោយមានផលិតផលចំនួនពីរផ្នែកដោយផ្តោតលើសន្តិសុខ និងស្វ័យប្រវត្តិកម្ម។ ដើម្បីលើកកម្ពស់សន្តិសុខផ្ទះរបស់ពួកគេ អតិថិជនរបស់ក្រុមហ៊ុន Smart អាចទិញឧបករណ៍នានាដូចជា ឧបករណ៍ចាប់ផ្សែង សិនស័រទ្វា និងម៉ាស៊ីនថតសុវត្ថិភាព ដែលភ្ជាប់ទៅនឹងមណ្ឌលកណ្តាលមួយដែលគ្រប់គ្រងឧបករណ៍ទាំងអស់នោះ។
ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុងផ្តល់ជូនផលិតផលចំនួនបីផ្សេងទៀតដែលមានសក្តានុពលផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់អតិថិជន។ ឧបករណ៍ NINE Smart Wi-Fi Socket Plug អាចជួយប្រើប្រាស់ឱ្យបិទនិងបើកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីចម្ងាយ ខណៈដែល Wi-Fi Bulb អាចឱ្យអ្នកប្រើប្រាស់គ្រប់គ្រងអំពូលភ្លើងពីចម្ងាយបានផងដែរ។ ទន្ទឹមនឹងនេះដែរ ឧបករណ៍បញ្ជាពីចម្ងាយ Wi-Fi IR Remote អាចឱ្យម្ចាស់ផ្ទះគ្រប់គ្រងពីចម្ងាយបាននូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជាម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និងឧបករណ៍ក្នុងផ្ទះផ្សេងទៀត។ ឧបករណ៍ទាំងអស់នេះអាចត្រូវបានគ្រប់គ្រងតាមរយៈកម្មវិធី Smart Life។ ឧបករណ៍ទាំងនេះក៏អាចត្រូវបានគ្រប់គ្រងដោយសំឡេងបានផងដែរនៅពេលដែលភ្ជាប់ទៅនឹងឧបករណ៍ Google Home ឬឧបករណ៍ Amazon Alexa។


លោក Kenny Yap នាយកគ្រប់គ្រងក្រុមហ៊ុន NINE Cambodia បានថ្លែងថា “យើងយល់ច្បាស់ពីសារៈសំខាន់ដែលអតិថិជនរបស់ពួកយើងចាំបាច់ត្រូវមានក្នុងការរស់នៅប្រកបដោយផាសុខភាពនៅក្នុងផ្ទះរបស់ពួកគេ ហើយយើងត្រូវធ្វើឱ្យប្រាកដថា អតិថិជននិងគ្រួសាររបស់ពួកគាត់មានសុវត្ថិភាព។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជូនឧបករណ៍ IoT សម្រាប់គេហដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាបណ្តាញទំនើបរបស់ក្រុមហ៊ុន Smart យើងកំពុងផ្តល់ជូនអតិថិជនរបស់យើងនូវការគ្រប់គ្រងផ្ទះរបស់ពួកគេបន្ថែមទៀត ដែលធ្វើឱ្យវាមានភាពកក់ក្តៅ និងសន្តិសុខកាន់តែខ្លាំងឡើងថែមទៀត”។
ឧបករណ៍ថ្មីៗទាំងនេះមានដាក់បង្ហាញ និងអាចរកទិញបាននៅ Smart IoT Corners ដែលស្ថិតនៅក្នុងហាង Smart Shop ចំនួន ៤៖ Smart Shop ផ្សារអ៉ីអនភ្នំពេញ Smart Shop ផ្សារអ៉ីអនសែនសុខ Smart Shop មជ្ឈមណ្ឌលភ្នំពេញ និង Smart Shop ផ្សារទំនើបសូរិយាសេនធ័រភ័នធ៍។ Smart IoT Corners ចំនួន២ បន្ថែមទៀតនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅហាង Smart Shop នៅផ្លូវមុនីវង្ស និងផ្លូវនេរុហ៍។ ផលិតផលទាំងនេះអាចទិញជាលក្ខណៈរាយនីមួយៗក៏បាន ឬជាកញ្ចប់ក៏បាន ហើយអតិថិជនអាចដំឡើងផលិតផលទាំងនេះបានដោយខ្លួនឯង ឬស្នើអ្នកជំនាញពីក្រុមហ៊ុន NINE ឱ្យជួយដំឡើងជូនក៏បាន។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍ IoT សម្រាប់គេហដ្ឋានអាចរកមើលបានតាមរយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



