ព័ត៌មានជាតិ
ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ជំរុញបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល
ការជំរុញឲ្យបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល របស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ហើយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំនោះ។

បើតាមលទ្ធផល នៃកិច្ចផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា កិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើ៤ចំណុច គឺទី១, ស្ថានភាពទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២, ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ទី៣, ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ ទី៤, ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។
បើតាមក្រសួងទេសចរណ៍ អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនាំអង្គភាព MTCO បានយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលាខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុងលើផែនការស្តារទំនាក់ទំនងទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការបញ្ចូលកីឡាទេសចរណ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ និងការស្តារវិស័យទេសចរណ៍ឡើងវិញ។

ជាមួយគ្នានោះ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងវិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបង្ហាញជំហរបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់តំបន់ GMS បន្ថែមទៀត ស្របតាមរយៈក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូល GMS កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងឲ្យកម្ពុជា ក៏បានលើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


