ព័ត៌មានជាតិ
លោក គួច ចំរើន ៖ យើងមិនត្រូវចង់បានហួសហេតុពេក ដែលធ្វើឲ្យភ្ញៀវគេខ្លាចរអា ឬរាងចាលនោះទេ
សម្រាប់ការបើកទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកានេះ អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ត្រូវតែមានការចូលរួមពីវិស័យឯកជន ដែលធ្វើការងារពាក់ព័ន្ធ នឹងវិស័យសេវាកម្ម និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង ដោយមិនត្រូវចង់បានផលចំណេញច្រើនហួសហេតុ ដែលនាំឲ្យភ្ញៀវទេសចរណ៍ខ្លាចរអានោះទេ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែវិច្ឆិកាថា សម្រាប់ការបើកដំណើរការទេសចរណ៍វ៉ាក់សាំង នៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ នាខែចុងខែវិច្ឆិកានេះ លោកស្នើឲ្យវិស័យឯកជន ដែលបម្រើសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖ អាហារដ្ឋាន សណ្ឋាគារ និងសេវាដឹកជញ្ជូនជាដើម ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ក៏ដូចជាវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់អាជីវកម្មទេសចរណ៍ផងដែរ។

លោក គួច ចំរើន មានប្រសាសន៍បន្តថា សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន គឺចាំបាច់ណាស់ត្រូវចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗ គ្នា។ ចំណែកបញ្ហាចរាចរណ៍វិញ អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច នឹងខិតខំប្រឹងប្រែ ង រៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ និងបង្កើនសមត្ថភាព របស់មន្ត្រីនគរបាលចរាចរណ៍ ធ្វើយ៉ាងណាឲ្យពួកគេកាន់តែមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហានេះ ឲ្យកាន់តែល្អប្រសើរ។
ក្នុងនោះដែររដ្ឋបាលខេត្ត ក៏នឹងពិនិត្យមើលទៅលើឥរិយាបថរបស់មន្ត្រី ដែលជាបម្រើសេវាសាធារណៈ ទាំងក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងវិស័យផ្សេងៗទៀត ធ្វើយ៉ាងណាបម្រើភ្ញៀវទេសចរណ៍ឲ្យបានល្អ នៅពេលពួកគេ មកដល់ទឹកដីនៃខេត្តព្រះសីហនុ។
លោកអភិបាលខេត្តព្រះសីហនុ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តនៅក្នុងការបើកទេសចរណ៍វ៉ាក់សាំងឡើងវិញ ដែលគោលដៅធំបំផុតនៃការបើកនេះ គឺដើម្បីធ្វើឲ្យប្រទេសរបស់យើង ងើបឡើងវិញនូវវិស័យសេវាកម្ម ដែលរួមចំណែកដល់ការបង្កើតនូវការងារ និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ មានការងារធ្វើ និងមានប្រាក់ចំណូល។
លោក គួច ចំរើន បានលើកឡើងបន្ថែមថា ការបើកទេសចរណ៍វ៉ាក់សាំងនេះ ត្រូវមានការចូលរួមពីវិស័យឯកជន ដែលធ្វើការងារពាក់ព័ន្ធ នឹងវិស័យសេវាកម្ម និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង ដោយមិនត្រូវចង់បានផលចំណេញច្រើន ហួសហេតុ ដែលនាំឲ្យភ្ញៀវទេសចរណ៍ខ្លាចរអានោះទេ។ លោកថា «ការបើកបែបនេះ ការដំណើរការបែបនេះ វាទាមទារឲ្យមានការចូលរួម ពិសេសគឺអ្នកដែលបម្រើសេវាផ្ទាល់នោះតែម្ដង យើងត្រូវចេះបែងចែក ថា ពិតហើយយើងចង់បានប្រាក់ចំណូល យើងចង់មានការងារធ្វើ ដូច្នេះយើងមិនត្រូវចង់បានហួសហេតុពេក ដែលធ្វើឲ្យភ្ញៀវគេខ្លាចរអា ឬរៀងចាលនោះទេ ចឹងទេត្រូវរួមគ្នាទាំងអស់គ្នា ធ្វើម៉េចគឺថា យើងត្រូវចែករំលែក ថា សុខចិត្តចិញ្ចឹមអ្នកទេសចរ ឲ្យគាត់មកយើងឲ្យបានច្រើនដង ចំណូលតិច ប៉ុន្តែគាត់មកច្រើនដង យើងនឹងរស់បានយូរទាំងអស់គ្នា»។
លោក គួច ចំរើន បានបន្ថែមទៀតថា យើងមិនត្រូវគិតតែថា បើកៗ តែមិនបានគិតអំពីការផ្ដល់សេវាកម្ម ដែលជាការលើកទឹកចិត្តដល់អ្នកទេសចរ ឲ្យពួកគេមានការពេញចិត្ត មកលេងម្ដងហើយ នឹកឃើញចង់មកលេងប្រទេសកម្ពុជាយើងម្ដងទៀត នោះទេ។
សូមជម្រាបថា បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ ជាង ២ឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជា ក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ ២០២២ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


