សេដ្ឋកិច្ច
កម្ពុជា គ្រោងកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនី៥០ភាគរយ និងកំពុងស្វែងរកអ្នកវិនិយោគស្ថានីយសាកថ្ម
ការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី(EV)កំពុងឋិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តEV។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តីបានថ្លែងទៀតថា «យើងកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មផងដែរ។ សព្វថ្ងៃនេះយើងមិនទាន់មានស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្តEVនេះ»។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន(PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយសាកថ្មឱ្យបានគ្រប់គ្រាន់ និងធានាថា ការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។

រដ្ឋមន្រ្តីក្រសួងសាធារណការ សង្កត់ធ្ងន់ថា ចាប់តាំងពីកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួនបីកន្លែងដោយឈរលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។
លោកថា កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជននោះទេ។ ជោគជ័យរបស់វិស័យឯកជន គឺជាជោគជ័យរបស់ប្រទេស៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


