ព័ត៌មានជាតិ
ទូតអឺរ៉ុប កោតសរសើរកម្ពុជាដែលសម្រេចបានដោយជោគជ័យការចាក់វ៉ាក់សាំងជូនដល់ប្រជាជន
ថ្លែងនៅក្នុងពិធីប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំនួន៣០ម៉ឺនដូសនាព្រឹកថ្ងៃអាទិត្យនេះ លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងការកោតសរសើរដល់កម្ពុជាដែលសម្រេចបានដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជន។

លោកស្រី Carmen MORENO បានលើកឡើងថា ថ្ងៃនេះ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងពិភពលោកដែលបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្លួនបានច្រើនលើសលុប។ ការផ្តល់ជូននូវវ៉ាក់សាំងនៅថ្ងៃនេះ គឺជាសក្ខីភាពមួយរបស់សហភាពអឺរ៉ុបដែលបាន និងកំពុងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ ហើយសហភាពអឺរ៉ុប នឹងបន្តចូលរួមក្នុងការគាំទ្រការងើបឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសង្គមកម្ពុជាផងដែរបន្ទាប់ពីវិបត្តិកូវីដ-១៩នេះ។
គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ កម្ពុជាសម្រេចចាក់វ៉ាក់សាំងបានចំនួន១៤ ៣៥១ ៨០៥ នាក់ ស្មើនឹង៨៩.៧០% បើគិតជាចំនួនប្រជាពលរដ្ឋសរុប១៦លាននាក់ដែលជាតួលេខមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ។ សម្រាប់ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០,២០០,៤៧២ នាក់ដែលបានចាក់ដូសទី១ និងចំនួន ៩,៨៥០,៣៧០ នាក់បានចាក់ដូសទី២ដែលស្មើនឹង១០២.០០% នៃប្រជាជនគោលដៅសរុប១០លាននាក់ ។ ក្នុងនោះ សម្រាប់ដូសជំរុញ(ដូសទី៣)សម្រេចចាក់បានចំនួន៤ ៩៥៩ ៦៩៧នាក់ និងដូសជំរុញ (ដូសទី៤) សម្រេចចាក់បាន ចំនួន ៤៤៣ ៧១៣ នាក់។

ចំពោះកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៥៧៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤០ ៧៩៧ នាក់ ដែលស្មើនឹង ៩៩.៥២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។ ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ០០៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២១ ១៤៤ នាក់ ដែលស្មើនឹង ១០៥.៩៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២២ ៧៥៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៥ ៦៨៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.០៦% ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


