Connect with us

កីឡា

គ្រូព្រះខ័នរាជស្វាយរៀង បញ្ជាក់ថាកីឡាករត្រលប់មកពីស៊ីហ្គេម ត្រៀមជួយក្រុមក្នុងពានរង្វាន់លីគខាប់ល្ងាចនេះ

បានផុស

នៅ

គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានសង្កត់ធ្ងន់ថា កីឡាករដែលបានទៅចូលរួមស៊ីហ្គេម នឹងត្រលប់មកជួយក្រុមក្នុងការប្រកួតជាមួយ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ពានរង្វាន់ខេមបូឌានលីគខាប់ វគ្គ ៨ក្រុមចុងក្រោយល្ងាចនេះ។

ព្រះខ័នរាជស្វាយរៀង មានកីឡាករចំនួន ៣នាក់បានរួមដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិ U-23 កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដែលទើបតែជ្រុះចេញពីកម្មវិធីរួមមានកីឡាករ ជូ ស៊ិនទី, មិន រតនៈ​ និង អ៊ាន​ ពិសី (ត្រលប់មកវិញមុនដោយសារបញ្ហារបួស)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយឆ្លងជាមួយ ‘កម្ពុជាថ្មី’ លោក Conor Nestor បាននិយាយថា៖ «ពិតណាស់ ពួកគេនឹងចូលរួមជាមួយក្រុម។ យើងបានចុះឈ្មោះពួកគេ ហើយពិសី ក៏ដូចគ្នាដែលទើបតែជាពីរបួស យើងបានចុះឈ្មោះពួកគេតាំងពីមុនពានរង្វាន់នេះចាប់ផ្ដើមមកម៉្លេះ ពីព្រោះយើងដឹងថាបាល់ទាត់អ្វីៗក៏អាចកើតឡើង ហើយខ្ញុំគិតថាវាអាចទៅរួចដែល U-23 កម្ពុជា អាចនឹងមិនសូវមានឱកាសបានឡើងទៅវគ្គបន្ត ហើយគួបផ្សំនឹងយើងគិតថាយើងក៏ប្រហែលជាអាចបន្តនៅក្នុងពានរង្វាន់នេះ ដូច្នេះយើងរៀបចំផែនការសម្រាប់អ្វីៗដែលអាចកើតឡើង»

ជុំវិញទម្រង់លេងរបស់ ក្លិបគីរីវង់សុខសែនជ័យ លោក Conor Nestor បានឱ្យដឹងថា៖ «គីរីវង់ ពិតជាធ្វើបានល្អនៅក្នុងពានលីគខាប់ យើងដឹងថាគេមានកីឡាករល្អៗមួយចំនួន ហើយពួកគេក៏មានកីឡាករក្មេងៗល្អៗ ជាក់ស្ដែងដូចជាកីឡាករ សំអូន ដែលត្រលប់មកពីស៊ីហ្គេមដូចគ្នា ហើយគេរៀបចំបានល្អ ជាមួយគ្រូបង្វឹកល្អ យើងដឹងថានេះគឺជាវគ្គចាញ់ធ្លាក់ ដូច្នេះយើងត្រូវតែលេងឱ្យបានល្អ ដើម្បីឈានទៅវគ្គបន្ទាប់។» 

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប គីរីវង់សុខសែនជ័យ វេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ខណៈការប្រកួតនឹងមានផ្សាយផ្ទាល់នៅលើ ទំព័រហ្វេសប៊ុកកម្ពុជាថ្មី (Kampuchea Thmey Daily) ផងដែរ។

បញ្ជាក់ថា ពាននេះបង្កើតឡើងក្នុងឱកាសដែលពានរង្វាន់លីគបាល់ទាត់ក្នុងស្រុក លីគទី១ និងលីគទី២ ត្រូវបានសម្រាកដោយសារមានកីឡាករត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងស៊ីហ្គេម ក្រុមហ៊ុនបានបង្កើតពាននេះឡើងដោយមានក្រុមចំនួន ១៦ចូលរួមប្រកួត ចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម