ព័ត៌មានជាតិ
លោក វេង សាខុន ៖ កម្ពុជាមានសហគមន៍ចំនួន ១៣១ អាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា ប្រទេសកម្ពុជា មានសហគមន៍ចំនួន ១៣១ ដែលមានសក្តានុពល អាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍ ៥១៦ នៅទូទាំងប្រទេស។

លោកថ្លែងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរីហៅកាត់ថា (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍វិស័យទេស ចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោក វេង សាខុន អះអាងថា ក្នុងចំណោមសហគមន៍ ៥១៦របស់កម្ពុជា មានសហគមន៍ចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។
លោកបន្ថែមថា ក្រសួងកសិកម្ម ក៏បានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៤៣ និងបានធ្វើផែនការដើម្បីគ្រប់គ្រងរួចរាល់ចំនួន ១០៣ សហគមន៍។ ក្នុងនោះ ក៏មានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។
លោករដ្ឋមន្ត្រីរំពឹងទៀតថា សហគមន៍កសិកម្មមួយចំនួន អាចនឹងបង្កើតមុខរបរថ្មីមួយ ឬ“កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេស ឲ្យបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករ ដែលជាសមាជិកសហគមន៍កសិកម្មមូលដ្ឋាន។
ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរីលោក វេង សាខុន អះអាងថា ខេត្តភាគឦសានមួយនេះ គឺជាខេត្តដែលមានសក្កានុពលទេសចរណ៍ស្រាប់ និងក្រោមរូបភាពជា “សក្តានុពលទេសចរណ៍ និងវប្បធម៌” ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ក្រសួងកសិកម្ម។ បន្ថែមពីនេះទៀតខេត្តមណ្ឌលគិរី ក៏មានចម្ការព្រៃស្រល់របស់រដ្ឋទំហំ ៣៦៤ ហិកតា សួនផ្កាចម្រុះ និងសួនភូតគាមលើផ្ទៃដី ៤៧០ហិកតា គ្រោងរៀបចំសួនផ្កា ២០ហិកតា និងរៀបចំអាងទឹកបង្ហៀរ សម្រាប់បម្រើដល់វិស័យទេសចរណ៍។
បើតាមលោករដ្ឋមន្ត្រី វេង សាខុន ក្រសួងកសិកម្ម នឹងរៀបចំអភិវឌ្ឍកសិទេសចរណ៍ តាមរយ:ចម្ការឈើហូបផ្លែ ការអភិវឌ្ឍចម្ការឈើដាំ ដែលអនុវត្តដោយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច រួមជាមួយនឹងការស្តារព្រៃឈើ និងសហគមន៍ព្រៃឈើឡើងវិញផងដែរ។ ក្រៅពីនេះ ក្រសួងកសិកម្ម ក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួនទៀត ដែលនឹងចូលខ្លួនមកបម្រើឲ្យវិស័យទេសចរណ៍ (បន្លែ ផ្លែឈើ ត្រី សាច់) និងអេកូទេសចរណ៍ (ដំណើរកម្សាន្តក្នុងព្រៃចម្ការឈើដាំ ចម្ការស្រល់ ទស្សនាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វ) នៅក្នុងខេត្តមណ្ឌលគិរីនេះទៀតផង៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


