ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះជោគជ័យការប្រកួត កីឡាកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួតចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ ក្រុម មកពី ១៧ ស្ថាប័ន-កងឯកភាព ព្រមជាមួយនឹងចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០ រូប។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ចំពោះការរៀបចំក្នុងឆ្នាំ២០២៣ នេះ ដែលធ្វើឡើងបន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍។

ឧត្តមសេនីយ៍ឯក បានថ្លែងនូវការកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ រាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងការទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើកទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយ ចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរដល់ក្រុមកីទ្បាករ-កីទ្បាការិនីទាំងអស់មកពីបណ្តាកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុលពត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតនេះក៏ជាការផ្តល់ឱកាសឱ្យក្រុមកីឡាករ-កីឡាការិនី ដែលមកពីបណ្តាស្ថាប័ន-កងឯកភាពផ្សេងៗគ្នា បានជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពតាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមកទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី។ ព្រមជាមួយគ្នានេះ សូមយោធិនទាំងអស់ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានជោគជ័យ៕





-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


