ព័ត៌មានជាតិ
ធនាគារអេស៊ីលីដា រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តទូទាំងប្រទេស ដើម្បីជួយសង្គ្រោះដល់ជីវិតមនុស្ស
ធនាគារអេស៊ីលីដាភីអិលស៊ី សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ ឬអ្នកជំងឺដែលជួបគ្រោះថ្នាក់ ឬមានជំងឺត្រូវការឈាមជាបន្ទាន់។

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ឆ្នាំ ២០២៣ នេះ ជាការបើកទំព័រថ្មីមួយដែលធនាគារអេស៊ីលីដាក្នុងក្របខណ្ឌទូទាំងប្រទេសបានរៀបចំកម្មវិធីបរិច្ចាគឈាមឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល ៣ ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខណៈធនាគារបានរៀបចំផ្តល់ឈាមជាលើកដំបូងកាលពីឆ្នាំ ២០១២ កន្លងទៅ។

លោកបានបន្តថា សម្រាប់ឆ្នាំនេះមានបុគ្គលិកចូលរួមឈ្មោះបរិច្ចាគឈាមប្រមាណជាង ៦០០ នាក់ ក្នុងនោះនៅការិយាល័យកណ្តាលមានប្រមាណ ២៣០ នាក់។

លោកបានបន្តថា ការចូលរួមបរិច្ចាគឈាមនេះដោយសារធនាគារយល់ឃើញថាសកម្មភាពផ្តល់ឈាមគឺជាសកម្មភាពសង្គមដ៏ធំធេង ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការរឈាមជាបន្ទាន់ព្រោះថាឈាមយើងមិនអាចផលិតនៅក្នុងរោងចក្របានឡើយ ហើយការបរិច្ចាគឈាមនឹងជួយផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃធនាគារអេស៊ីលីដាភីអិលស៊ី ដែលតែងតែបានរៀបចំបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមកទទួលយកអំណោយឈាមដោយសប្បុរស ដើម្បីជួយជីវិតដល់ជនរងគ្រោះ និងសូមអរគុណចំពោះសកម្មភាពចូលរួមលើផ្នែកមនុស្សធម៌ ដើម្បីជួយជីវិតមនុស្ស ពិសេសអ្នកដែលត្រូវការឈាម នៅតាមគ្រប់មន្ទីរពេទ្យទាំងអស់។

លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់វិស័យឯកជន និងសាធារណជនទូទៅ ពិសេសយុវវ័យ បន្តចូលរួមបង្កើនសកម្មភាពផ្តល់ឈាមឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ ១៥ ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងបងប្អូនរបស់អ្នកជំងឺមានរហូតដល់ ៨៥ ភាគរយឯណោះ៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


