Connect with us

ព័ត៌មានជាតិ

ក្នុងស្មារតីជួយសង្គម! និស្សិតប្រមាណ ៦០នាក់ បរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីសង្គ្រោះអាយុជីវិត

បានផុស

នៅ

និស្សិតប្រមាណ ៦០ នាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី (CAPI) បានចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺធ្ងន់ធ្ងរដែលកំពុងត្រូវការឈាម និងជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ក្នុងសង្គម។ ពិធីបរិច្ចាគនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២ រសៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប សាងអូន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានប្រសាសន៍ថា ការទទួលអំណោយឈាម និងការគ្រប់គ្រងឈាម ត្រូវបានអនុវត្តតាមយន្តការដែលមានប្រសិទ្ធភាព ដើម្បីធានាការផ្គត់ផ្គង់ឈាមឲ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅក្នុងខេត្ត។ ជាមួយគ្នានេះ លោកថ្លែងអំណរគុណដល់ប្អូនៗជានិស្សិតដែលបានចូលរួមបរិច្ចាគឈាម ដោយចាក់ទុកថាជាសកម្មភាពដ៏សប្បុរសធម៌ជួយដល់សង្គម ជាពិសេសពលរដ្ឋក្រីក្រដែលកំពុងខ្វះខាតឈាម។

មន្ទីរពេទ្យទទួលការបរិច្ចាគឈាមជារៀងរាល់ថ្ងៃ ប៉ុន្តែការទទួលយកជាក់ស្តែង អាស្រ័យលើស្ថានភាពស្តុកឈាមដែលមានស្រាប់ ដើម្បីជៀសវាងការលើសចំណុះ ឬការខូចគុណភាពឈាម។ លោកបញ្ជាក់ថា៖«ក្នុងករណីស្តុកឈាមពេញ មន្ទីរពេទ្យនឹងមិនទទួលឈាមភ្លាមៗទេ ប៉ុន្តែនឹងកត់ត្រាព័ត៌មានអ្នកបរិច្ចាគ ដូចជា ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ ដើម្បីអាចទាក់ទងវិញ នៅពេលមានតម្រូវការចាំបាច់»។ លោកបានបន្តថា យុទ្ធសាស្ត្រនៃការកៀងគរឈាមនេះ ផ្តោតសំខាន់លើការជួយសង្គ្រោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺក្រីក្រដែលខ្វះខាតសាច់ញាតិ ឬអ្នកផ្តល់ឈាម។

ចំពោះលក្ខខណ្ឌបរិច្ចាគឈាម អ្នកបរិច្ចាគត្រូវមានសុខភាពល្អ និងមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយមិនកំណត់ភេទ។ បុរសអាចបរិច្ចាគបានរហូតដល់ ៤ ដងក្នុងមួយឆ្នាំ ខណៈនារីអាចបរិច្ចាគបាន ៣ ដងក្នុងមួយឆ្នាំ។ លោកក៏បានបញ្ជាក់ថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជា ជួយបង្កើនសុខភាពបេះដូង កាត់បន្ថយកំហាប់ឈាម និងហានិភ័យនៃជំងឺមហារីកខ្លះៗ។ លើសពីនេះ វាជួយគ្រប់គ្រងកម្រិតជាតិដែកក្នុងរាងកាយ ជៀសវាងការលើសជាតិដែក ដែលអាចប៉ះពាល់ដល់ថ្លើម និងលំពែង ហើយក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងជួយគ្រប់គ្រងទម្ងន់ផងដែរ។

លោក សំ ប៊ុនថន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាអាស៊ី ប្រាប់កម្ពុជាថ្មីថា សកម្មភាពនេះ ជាយុទ្ធនាការបរិច្ចាគឈាមលើកទី ៤ របស់វិទ្យាស្ថាន CAPI ដែលជាកម្មវិធីសង្គមសប្បុរសធម៌ ផ្តោតលើការចូលរួមដោះស្រាយបញ្ហាកង្វះឈាមនៅតាមមន្ទីរពេទ្យ និងលើកកម្ពស់ស្មារតីជួយសង្គមក្នុងចំណោមយុវជន។លោកបន្ថែមថា និស្សិតមកពីថ្នាក់ផ្សេងៗ បានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមដោយបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង ដោយគ្មានការបង្ខិតបង្ខំ ដើម្បីឱ្យនិស្សិតយល់ដឹងពីតម្លៃនៃការជួយសង្គ្រោះជីវិតនិងកាត់បន្ថយភាពភ័យខ្លាចចំពោះការបរិច្ចាគឈាម។

ក្នុងនាមជាអ្នកដឹកនាំ លោកធ្លាប់បានបរិច្ចាគឈាមចំនួន ៣ លើករួចមកហើយ ដែលជាគំរូល្អមួយសម្រាប់និស្សិត និងសាធារណជន។ ឆ្លងកាត់បទពិសោធន៍៣លើកមកនេះ លោកបានលើកឡើងថា ការបរិច្ចាគឈាមជួយជំរុញឱ្យរាងកាយផលិតគ្រាប់ឈាមថ្មីៗ ដែលអាចធ្វើឱ្យសុខភាពប្រសើរឡើង និងជួយពិនិត្យសុខភាពបឋមផងដែរ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម