កីឡា
ក្រុមបាល់ទះកម្ពុជាប្តេជ្ញាធ្វើឲ្យភ្ញាក់ផ្អើលម្តងទៀតក្នុងកីឡាស៊ីហ្គេម
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្តេជ្ញាធ្វើឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្កើតការភ្ញាក់ផ្អើលម្តងទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កាលពីថ្ងៃទី១៨ ខែមេសា សហព័ន្ធកីឡាបាល់ទះកម្ពុជា និងតំណាងប្រទេស៣ផ្សេងទៀតដែលស្ថិតនៅក្នុងពូល A បានចូលរួមពិធីចាប់ឆ្នោតជ្រើសរើសលេខរៀង និងកាលបរិច្ឆេទនៃការប្រកួតសាថ្មី បន្ទាប់ពីក្រុមបាល់ទះហ្វីលីពីនបានស្នើសុំចូលរួម ហើយទទួលបានការអនុញ្ញាតឲ្យចូលពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។

ក្រោយចប់ពិធីចាប់ឆ្នោតរួច លោក អាំង សិរីពិសិដ្ឋ បានលើកឡើថា ក្រុមបាល់ទាត់កម្ពុជាបានសម្រាកត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវិលត្រឡប់មកពីប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។ សម្រាកបានត្រឹម១សប្តាហ៍ កីឡាករជម្រើសជាតិទាំងអស់បានវិលចូលជំរំហ្វឹកហាត់វិញ និងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាបន្តបន្ទាប់។
លោក សិរីពិសិដ្ឋ មានប្រសាសន៍ថា ៖«ជាឆន្ទៈគឺយើងរំពឹងថា ចង់បានមេដាយមាស។ ទាំងអត្តពលិក និងថ្នាក់ដឹកនាំ យើងបានតាំងចិត្ត ក្នុងនាមជាម្ចាស់ផ្ទះដាច់ខាតត្រូវតែដណ្តើមមាស។ អីចឹងមហិច្ឆតាយើងគឺដណ្តើមមេដាយមាស»។
«ចាប់តាំងពីយើងទទួលបានមេដាយសំរឹទ្ធនៅស៊ីហ្គេម លើកទី៣១ មកដល់ភ្នំពេញភ្លាម អត្តពលិករបស់យើងមានពេលសម្រាកតែ១សប្តាហ៍គត់។ ទោះបីជាយើងបានបំបែកកំណត់ត្រាកាលស៊ីហ្គេមលើកមុនមែន តែមិនមែនជាគោលដៅដែលយើងត្រូវការនោះទេ។ ចាប់តាំងពីពេលនោះ ការប្រមូលផ្តុំហ្វឹកហាត់របស់អត្តពលិករបស់យើងគឺនៅដដែល»។ លោកបានលើកឡើង។

លោកបានបន្តថា ៖«ភាពភ្ញាក់ផ្អើលកាលស៊ីហ្គេមលើកមុន មហាជនអាចនឹកស្មានមិនដល់ដែលក្រុមបាល់ទះកម្ពុជាធ្វើបានកម្រិតមេដាយ ប៉ុន្តែមិនមែនជារឿងចៃដន្យទេ។ ថ្នាក់ដឹកនាំសហព័ន្ធបានឲ្យចាប់ផ្តើមបោះជំរំហ្វឹកហាត់តាំងពីឆ្នាំ២០១៩ ជាពេលវិបត្តិកូវីដ-១៩។ កីឡាករឃ្លាតឆ្ងាយពីប្រពន្ធកូនរាប់ខែដើម្បីសម្ខំហ្វឹកហាត់ ដូច្នេះហើយទើបបានជាយើងទទួលបានលទ្ធផលដ៏ភ្ញាក់ផ្អើលនោះ»។
លោក អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់ថា ៖«ងាកមកស៊ីហ្គេម លើកទី៣២នេះ យើងជួបដៃគូសុទ្ធតែគីឡូធ្ងន់ដូចគ្នា។ ជាក់ស្តែង ឥណ្ឌូណេស៊ីជាអធិរាជបាល់ទះនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសួរថា ទឹកចិត្តកីឡាកររបស់យើងខ្លាចទេ? អត់ខ្លាចទេ។ យើងនឹងធ្វើឲ្យកាន់តែភ្ញាក់ផ្អើលទៀត ប៉ុន្តែលទ្ធផលយ៉ាងណាគឺនៅលើទីលានពិតប្រាកដ»។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ការពារមេដាយមាសឆ្នាំចាស់គឺឥណ្ឌូណេស៊ី រួមទាំងហ្វីលីពីន និងសិង្ហបុរី។ ក្រុមជម្រើសជាតិទាំង៣នេះមានតែឥណ្ឌូណេស៊ី១គត់ដែលកម្ពុជាមិនអាចយកឈ្នះកន្លងមក ប៉ុន្តែកម្ពុជាអាចតដៃបាន១សិតនៅពេលចាញ់១-៣ ក្នុងស៊ីហ្គេម នៅវៀតណាម ជាកន្លែងដែលកម្ពុជាបានយកឈ្នះហ្វីលីពីន ៣-១។
បើក្រឡេកមើលការប្រកួតមិត្តភាពអន្តរជាតិប៉ុន្មានខែចុងក្រោយនេះ ក្រុមបាល់ទះកម្ពុជាធ្វើបានល្អច្រើនមែនទែនក្នុងនោះបានយកឈ្នះក្រុមគុយបា ឈ្នះក្រុមជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំ ឈ្នះជម្រើសជាតិសិង្ហបុរី ឈ្នះក្រុមម៉ាឡេស៊ី B និងឈ្នះក្រុមជម្រើសជាតិខេត្តសានតុង ប៉ុន្តែចាញ់ជម្រើសជាតិម៉ាឡេស៊ី ១-៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


