ព័ត៌មានជាតិ
មជ្ឈមណ្ឌល ACILS ស្នើបន្ត MoU ជាមួយ កម្ពុជា លើកកម្ពស់សុខភាព សុវត្ថិភាពកម្មករ និងជំរុញកំណើននាំចេញ
មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តទៀត ដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរទៅកាន់បរទេស។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ នាទីស្ដីការក្រសួងការងារ។

នៅក្នុងជំនួបនាឱកាសនេះ លោក វីល្លៀម ខន់គ្លីន បានស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។

សូមរំឭកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ACILS បានចុះអនុស្សរណៈយោគយល់គ្នា ចំនួន ២ លើក មកហើយ ដោយលើកទី១-ចុះហត្ថលេខានៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ ដែលមានសុពលភាពរហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ និងលើកទី២-ចុះហត្ថលេខានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ដែលមានសុពលភាពរហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣។

លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ លោកក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បបរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុជាដើម។
ជាការឆ្លើយតប លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ចំណុចដែលបានលើកឡើងខាងលើនេះ ដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន ត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លោករដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី ៧ ហើយនោះ ក្រសួងការងារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីបានលើកឡើងខាងលើ។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ។
គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រិតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILS ជាអង្គការឯករាជ្យមួយ មិនចំណុះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


