ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ចែករំលែកបទពិសោធន៍រឹងមាំមួយចំនួន ទៅដល់អ្នកបាក់ទឹកចិត្ត (Depression)
បញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើចទេ ហើយរឹតតែមិនអាចធ្វេសប្រហែស ខណៈបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់ ពិសេសយុវវ័យតែម្ដង បានសម្រេចជ្រើសរើសវិធីដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមិនអាចដោះស្រាយបញ្ហា ឬស្វែងរកអ្នកណាមកជួយពួកគេបាន។

យ៉ាងណាកត់សម្គាល់មួយរយៈចុងក្រោយនេះ បញ្ហា នៃការបញ្ចប់ជីវិតព្រោះជំងឺបាក់ទឹកចិត្តនេះ បានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ មានករណីយុវជនខ្មែរម្នាក់ បានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយសារជំងឺបាក់ទឹកចិត្ត (Depression)។

ដោយឡែកនៅយប់ថ្ងៃទី ០៥ ខែកក្កដា នេះ ក៏មានព័ត៌មានក្រៅប្រទេសភ្ញាក់ផ្អើលផងដែរ ខណៈតារាចម្រៀងស្រីល្បីឈ្មោះរបស់ហុងកុង អ្នកនាង CoCo Lee ក៏បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ព្រោះជំងឺបាក់ទឹកចិត្ត (Depression)។

តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ ដោយសារតែឃើញហេតុផលដ៏ផុយស្រួយនេះ ក៏បានចេញមកចែករំលែកបទពិសោធន៍ដ៏រឹងមាំមួយចំនួនទៅកាន់អ្នកជួបបញ្ហាជំងឺបាក់ទឹកចិត្ត (Depression) ក៏ដូចជាមហាជនទូទៅ។ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ដោយខ្លឹមសារថា «ម៉ោង ២ ៤៥ នាទីរំលងអធ្រាត្រ មើល Facebook ឃើញអ្នកចាកចេញដោយជំងឺបាក់ទឹកចិត្ត គេងមិនលក់ចង់ចែករំលែកខ្លះដល់បងប្អូន»។

លោក ណុប បាយ៉ារិទ្ធ អះអាងទៀតថា «ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្ត ខ្ញុំក៏ធ្លាប់អស់សង្ឃឹម តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា «រឹងមាំ» សូមកុំផ្ដល់អំណាចឲ្យអតីតកាលមកកំណត់អនាគតរបស់អ្នក សូមកុំឲ្យខ្លួនឯងរស់ក្នុងជីវិតជាជនរងគ្រោះ។ អ្នកដឹងទេ? ការយំមិនមែនមានន័យថា អ្នកខ្សោយ ឬ ទន់ជ្រាយនោះទេ។ ការយំជាសំឡេងដំបូងបង្អស់ដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើតមក ព្រោះវាជាសញ្ញាបញ្ជាក់ថា អ្នកនៅមានជីវិត»។

លោកបន្តថា «តើមនុស្សណាមួយដែលកើតមកពីពោះម្ដាយមកភ្លាមដោយមិនចេះយំ? ដូច្នេះបើពេលខ្លះអ្នកចង់យំ យំហើយធូរចិត្តក៏យំចុះ ឲ្យទឹកភ្នែកហូរមកលុបលាងរឿងមិនសប្បាយចិត្តទាំងឡាយ តែក៏មិនបាច់យំយូរពេកដែរ។ ពេលបានធូរហើយឈប់យំទៀត ហើយត្រូវតែរស់បន្ត។ ជំហានដ៏ខ្លីៗ មួយៗ របស់ទារកជារៀងរាល់ថ្ងៃ គឺជាចំណុចផ្ដើម ហើយវានឹងក្លាយជាជំហានដ៏វែងឆ្ងាយនៅថ្ងៃអនាគត ដូច្នេះសូមបន្តបោះជំហាន ហើយកុំបោះបង់។ អ្នកនៅតែមានតម្លៃ បើទោះជាអ្នកបរាជ័យ តែអ្នកនៅតែមានឱកាសម្ដងហើយម្ដងទៀត ចូរកុំព្យាយាមបិទឱកាសខ្លួនឯង ហើយរើសយកការចុះចាញ់។ ដង្ហើម នៃភាពអស់សង្ឃឹម គឺជាលេសបំបាក់ទឹកចិត្តខ្លួនឯងប៉ុណ្ណោះ សូមជំនួសមកវិញដោយការតាំងចិត្ត ព្រោះអ្នកពិតជាមិនអន់ ហើយមិនអន់ដល់ថ្នាក់ចាប់ផ្ដើមជាថ្មី ឬបន្តមិនបាននោះឡើយ»។

លោក ណុប បាយ៉ារិទ្ធ និយាយទៀតថា បើទោះជាយប់ងងឹត ក៏មិនងងឹតរហូត ២៤ ម៉ោងដែរ ដរាបណាមេឃនៅមានពន្លឺ អ្នកនៅតែមានសង្ឃឹម។ ព្យាយាមរើសយកគំនិតវិជ្ជមានជានិច្ចសម្រាប់ជីវិត មិនថាមានរឿងលំបាកយ៉ាងណាទេ ថ្ងៃស្អែកគឺជាឱកាសថ្មីសម្រាប់អ្នកក្នុងការដកពិសោធន៍ និងធ្វើអ្វីៗ ឲ្យកាន់តែប្រសើរឡើង ហើយបើទោះវាជាពេលវេលាក្នុងការចាប់ផ្ដើមជាថ្មីម្ដងទៀតក៏ដោយ ប្រសិនបើអ្នកក្រឡេកមើលទៅ កូនរុក្ខជាតិមួយដើមដែលប្រឹងដុះលូតលាស់តាមចន្លោះថ្មដ៏ក្រៀមក្រោះក្ដៅហួតហែង តែវានៅតែព្យាយាម វាព្យាយាមលូត ព្យាយាមរស់ នោះអ្នកនឹងដឹងថា ជីវិតយើងក៏គួរតែតស៊ូឲ្យដល់ទីបំផុតដូចគ្នា។ កុំស្អប់ខ្លួនឯងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមិនមានដូចគេ មិនបានធ្វើ ឬធ្វើមិនបានដូចគេ ផ្ទុយទៅវិញចូរស្រឡាញ់ខ្លួនឯងឲ្យបានច្រើន និងរីករាយ សប្បាយចិត្តនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន ព្រោះអ្វីដែលអ្នកមាន ក៏មិនប្រាកដថា គេគ្រប់គ្នាមានឡើយ។

លោក ណុប បាយ៉ារិទ្ធ បន្ថែមថា ការរត់គេចពីបញ្ហារបស់អ្នកប្រៀបបានទៅនឹងការប្រណាំងដែលអ្នកមិនដែលឈ្នះ ដូច្នេះហើយចូរប្រឈមមុខ ហើយព្យាយាមរកដំណោះស្រាយដោយចិត្តត្រជាក់ ដរាបណាអ្នកនៅតែតស៊ូ នោះអ្នកអាចយកឈ្នះការបាក់ទឹកចិត្តរបស់អ្នក។ ដឹងគុណខ្លួនឯងដែលអាចតស៊ូមកដល់ចំណុចដ៏វែងឆ្ងាយមួយ ដូច្នេះបើដើរមកឆ្ងាយហើយ បន្តដើរឲ្យដល់ទីបំផុត ដើរយឺត ល្អជាងឈរស្ងៀម ហើយបើឈរស្ងៀមដើម្បីសម្រាក ក៏នៅតែល្អជាងដេកដួល»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ