ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានាធិបតីវៀតណាម ពន្លឿនការចរចាចំពោះការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើប្រធានាធិបតីវៀតណាម ពន្លឿនការចរចាចំពោះការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ការស្នើនេះ ធ្វើឡើងគ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើក ទី៣” នៅរដ្ឋធានីប៉េកាំង។
នៅក្នុងជំនួបនេះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះសម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យ នូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាម នៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយលោកប្រធានាធិបតីវៀតណាម កាលពី ៤ឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើលោកប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា ចំពោះការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ជារួម ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេចធិបតី បានឆ្លើយតបទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


