ព័ត៌មានជាតិ
តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទូតខ្មែរ ស្នើអ្នកវិនិយោគជប៉ុនមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន
ក្នុងឱកាសចូលរួមសិក្ខាសាលាមួយ ក្នុងខេត្តណាហ្គាណុ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី បានស្នើដល់អ្នកវិនិយោគជប៉ុនឱ្យមកបណ្ដាក់ទុនកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា តាមរយៈទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

បើតាមលោកឯកអគ្គរាជទូត ទុយ រី សិក្ខាសាលា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Global Resource Canter (GRC) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ គឺរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន ហើយសិក្ខាសាលានេះ មានវត្តមានចូលរួមរបស់លោកស្រី Miwa Omari ប្រធានមជ្ឈមណ្ឌល GRC ព្រមទាំងប្រធានក្រុមហ៊ុនជប៉ុន ពាណិជ្ជករជប៉ុន និងសិស្សនិស្សិតជប៉ុនជាច្រើននាក់។

លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានសម្ដែងការគាំទ្រចំពោះសិក្ខាសាលាដ៏មានសារសំខាន់នេះ ហើយលោក បានលើកទឹកចិត្ត និងជំរុញពាណិជ្ជករ និងអ្នកវិនិយោគជប៉ុនទាំងអស់ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានប្រាប់អង្គសិក្ខាសាលា ថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ គឺមានទិសដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក បន្តថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថ្មីនេះ ក៏នឹងបន្តរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ដែលធ្វើឱ្យកម្ពុជាបានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានត្រឡប់មក ក្នុងរង្វង់ ៥.២% នៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងក្នុងអត្រា ៥.៦% នៅឆ្នាំ២០២៣ និង ៦.៦% នៅឆ្នាំ២០២៤។ ក្នុងនោះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងជប៉ុន មានជាង ១,៩៤៨លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០២១ មាន ១,៧០១លានដុល្លារ។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជារូបនេះ ក៏បានលើកឡើងនូវការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែនេះ នៅទីក្រុងតូក្យូ។ លោកទូត បញ្ជាក់ថា អំឡុងពេលដំណើរទស្សនកិច្ចនៅជប៉ុន សម្តេចធិបតី នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ជប៉ុន ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈសម្ដេចធិបតី ក៏គម្រោងជួបជាមួយសហគមន៍កម្ពុជានៅប្រទេសជប៉ុន និងជួបប្រជុំទ្វេភាគីជាមួយក្រុមហ៊ុនឯកជនជប៉ុនធំៗ ព្រមទាំងចូលរួមសិក្ខាសាលាវិនិយោគកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងតទៅមុខទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


