ព័ត៌មានជាតិ
ក្រុមមន្ត្រីកម្ពុជាទៅសិក្សាពីជប៉ុនជុំវិញប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសជប៉ុន ដោយផ្ដោតសំខាន់លើបទពិសោធក្នុងការរៀបចំប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន ខណៈកម្ពុជាកំពុងសម្លឹងទៅមុខចង់ប្រែក្លាយរាជធានី-ខេត្តរបស់ខ្លួនឱ្យវិវត្តន៍ទៅជាទីក្រុងរដ្ឋបាលមេត្រូប៉ូលីតែនដ៏មានសក្តានុពលនាពេលអនាគត។

គណៈប្រតិភូកម្ពុជាខាងលើ ដឹកនាំដោយទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអមដំណើរពីលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
ដំណើរទស្សនកិច្ចសិក្សា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជា បានទៅខេត្តអូសាកា និងខេត្តក្យូតុ ដោយនៅខេត្តអូសាកា ក្រុមមន្ត្រីកម្ពុជា បានស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខេត្តអូសាកា ការគ្រប់គ្រងក្រុងពិសេស និងការស្នើរៀបចំខេត្តអូសាកាឱ្យក្លាយទៅជាទីក្រុងមេត្រូប៉ូលីតែន បន្ទាប់ពីទីក្រុងតូក្យូ។ ខណៈនៅខេត្តក្យូតុ គឺបានសិក្សាធំពីរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុងណាហ្គាអូកាក្យូ ការលើកកម្ពស់ឌីជីថលក្នុងការបង្កើនការចូលរួមរបស់ពលរដ្ឋ ប្រសិទ្ធភាពនៃការផ្តល់សេវា និងការដោះស្រាយបញ្ហារបស់ពលរដ្ឋ ព្រមទាំងបានទស្សនកិច្ចនៅមជ្ឈមណ្ឌលមើលថែកុមារមានការលូតលាស់យឺត និងមជ្ឈមណ្ឌលសម្រាប់ថែទាំមនុស្សចាស់។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបាន គ.ជ.អ.ប បញ្ជាក់ថា ធ្វើឡើងដើម្បីអនុវត្តតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រតិភូកម្ពុជាតែងតែបានធ្វើដំណើរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធនៅតាមបណ្ដាប្រទេសជាច្រើន រួមទាំងប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសទំនើបៗផ្សេងទៀត។ សម្រាប់ដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនពេលនេះ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ជាការកត់សម្គាល់ រដ្ឋបាលក្រុងមេត្រូលីតែន សំដៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗ ដែលមានចំនួនប្រជាជន និងលក្ខខណ្ឌភូមិសាស្ត្រតាមការកំណត់ជាក់លាក់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការសម្របសម្រួលរវាងរដ្ឋបាលចំណុះ ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ព្រមទាំងជានីតិបុគ្គល មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលរបស់ខ្លួន។

ការរៀបចំប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែនជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងភាពឆ្លាតវៃ។ កន្លងទៅ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញបំណងនឹងប្រែក្លាយរាជធានី-ខេត្តរបស់កម្ពុជា ទៅជាប្រព័ន្ធមេត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។
លោក ស សុខា បានដាក់ក្ដីរំពឹងទៅលើរាជធានីភ្នំពេញ ថា នឹងអាចវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលមេត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


