ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ បញ្ជាក់ទៅ សភាពាណិជ្ជកម្មអឺរ៉ុប ពីការកែសម្រួល បង្កើនបរិយាកាសវិនិយោគ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស លោកបានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM) ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង ១០ប្រភេទនោះទេ ដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយ នៃខែមេសា ឆ្នាំ២០២៤ នេះ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួង ដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ តាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឌីប្លូម៉ា)។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


