Connect with us

ព័ត៌មានជាតិ

«TVET» ជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្ម តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី ស្របតាមតម្រូវការឧស្សាហកម្ម

បានផុស

នៅ

លោក ហេង សួរ គូសបញ្ជាក់ថា «TVET» គឺជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និង ការរៀនជំនាញថ្មីស្របតាមតម្រូវការឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែកប្រតិបត្តិការសកល នៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំងពង្រឹងគំនិតផ្ដួចផ្ដើមវិនិយោគភាពជាដៃគូរវាងរដ្ឋ និង ឯកជន ផងដែរ។

នាឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) កាលពីខែមេសា កន្លងមក បានធ្វើឲ្យវិទ្យាស្ថាននេះក្លាយជាស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និង ផ្តល់ការបណ្តុះបណ្តាលប្រ​កបដោយគុណភាពដល់សិស្ស ធ្វើឲ្យពួកគេទទួលបានការងារល្អ និង ប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។

លោក ហេង សួរ មានប្រសាសន៍ថា កម្ពុជា កំពុងតែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឲ្យស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និង ការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងឧស្សាហកម្ម នៃប្រ​ព័ន្ធកម្ដៅ ខ្យល់ចេញចូល និង ម៉ាស៊ីនត្រជាក់ (HVAC)។

លោកគូសបញ្ជាក់ថា «TVET គឺជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និង ការរៀនជំនាញថ្មីស្របតាមតម្រូវការឧស្សាហកម្ម»។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើបមានជំនាញរឹងមាំ និង សមស្របសម្រាប់សេដ្ឋកិច្ចកំពុងវិវត្ត ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំណុចស្នូលមួយ​ នៃការអភិវឌ្ឍជាតិ។

ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និង ការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះ ក្រុមហ៊ុន ចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុន ក៏មិនមែនគ្រាន់តែលក់ឧប​ករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឲ្យមានតម្រូវការអ្នកបច្ចេកទេសប្រ​កបដោយ​ចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និង ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និង ផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។

លោក ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជា កំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដារមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ។

ភាគីទាំងពីរ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដ៏គំរូមួយដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និង ទីផ្សារការងារ ដែលនឹងជួយពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និង ធនធានមនុស្សរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម