ព័ត៌មានអន្ដរជាតិ
ស្លាប់ ៤នាក់ របួសជាង ១០នាក់ កំឡុងពេលដង្ហែសពអនុប្រធានាធិបតីម៉ាឡាវី
រថយន្ត១គ្រឿងនៅក្នុងក្បួនដង្ហែសពរបស់អនុប្រធានាធិបតីម៉ាឡាវី បានបើកបុកប្រជាជនដែលកំពុងឈរអមដំណើរកាន់ទុក្ខ កាលពីយប់ថ្ងៃអាទិត្យទី១៦ ខែមិថុនា ដោយបានសម្លាប់មនុស្សចំនួន ៤នាក់ និងរបួស ១២នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងភូមិ Ntcheu កំឡុងពេលក្បួនដង្ហែសពកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភូមិ Nsipe ដែលជាទឹកដីកំណើតរបស់លោក Saulos Chilima មានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រពីរដ្ឋធានី Lilongwe។ ការបញ្ចុះសពរបស់អនុប្រធានាធិបតីរូបនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទទី១៧ ខែមិថុនា ដែលប្រទេសម៉ាឡាវីបានប្រកាសចាត់ទុកជាថ្ងៃឈប់សម្រាកជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ប៉ូលិសម៉ាឡាវី បានឲ្យដឹងថា ប្រជាជនដែលបាត់បង់ជីវិត មានស្ត្រី២នាក់ និងបុរស២នាក់ ហើយពួកគេបានស្លាប់នៅពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរ និងបាក់ឆ្អឹងជាច្រើនកន្លែង។
បើតាមសាក្សីម្នាក់បានប្រាប់សារព័ត៌មាន AFP ថា រថយន្តបង្កហេតុ បានព្យាយាមគេចដែរ តែរេចង្កូតនៅត្រង់ផ្លូវកោងទើបបុកចូលហ្វូងមនុស្ស ខណៈដែលកំពុងមានប្រជាជនរាប់ម៉ឺននាក់បានចូលរួមក្នុងការដង្ហែសពលោកអនុប្រធានាធិបតី ហើយមានខ្លះបានបង្កជាភាពរញ៉េរញ៉ៃពាសពេញផ្លូវពិបាកគ្រប់គ្រង។
លោក Felix Njawala អ្នកនាំពាក្យគណបក្សរបស់លោក Chilima បាននិយាយថា អស្ថិរភាពបានកើតឡើងនៅតាមផ្លូវ ខណៈប្រជាជនមួយចំនួនបានព្យាយាមបញ្ឈប់ក្បួនរថយន្តដង្ហែសព ដើម្បីឲ្យពួកគេបានមើលឃើញមឈូស។ កាន់តែអាក្រក់ជាងនេះទៅទៀត មានខ្លះបានគប់ដុំថ្មមកលើក្បួនរថយន្តផងដែរ។

សូមរំឭកថា លោក Saulos Chilima រួមជាមួយអ្នកដំណើរ៩នាក់ផ្សេងទៀត បានទទួលមរណភាពនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេស ដោយសារតែកត្តាអាកាសធាតុមិនល្អ។ យន្តហោះរបស់លោកអនុប្រធានាធិបតីម៉ាឡាវី បានបាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីព្រឹកថ្ងៃទី១០ ខែមិថុនាកន្លងទៅ ក្រោយហោះចេញពីរដ្ឋធានី Lilongwe សំដៅទៅកាន់ព្រលានអន្តរជាតិ Mzuzu ដែលមានរយៈចម្ងាយប្រមាណជា ៣៨០គីឡូម៉ែត្រ។ នៅលើយន្តហោះក៏មានភរិយារបស់អតីតប្រធានាធិបតីម៉ាឡាវីលោក Bakili Muluzi ផងដែរ។ ដំណើរលើកនេះ មានគោលបំណងទៅចូលរួមនៅក្នុងពិធីបុណ្យសពអតីតមន្ត្រីរដ្ឋាភិបាលមួយរូប។
ការិយាល័យប្រធានាធិបតីម៉ាឡាវី បានប្រកាសកាន់ទុក្ខទូទាំងប្រទេសចំពោះមរណភាពរបស់លោក Saulos Chilima និងមន្ត្រីអមដំណើរចំនួន៩រូបផ្សេងទៀត រយៈពេល២១ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។
លោក Chilima ធ្លាប់ធ្វើជាអនុប្រធានាធិបតីចំនួន២លើក ដោយលើកទី១នៅក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដោយកាលណោះមានលោក Peter Mutharika ជាប្រធានាធិបតី និងលើកទី២ គិតចាប់តាំងពីឆ្នាំ២០២០ ក្រោមការគ្រប់គ្រងរបស់លោក Chakwera។ លោកក៏ធ្លាប់ធ្វើជាសេដ្ឋកិច្ចវិទូ ហើយធ្លាប់ក្លាយជាជនជាតិម៉ាឡាវីដំបូងគេបង្អស់ ដែលបានបង្កើតក្រុមហ៊ុនទូរគមនាគមន៍មួយហៅថា Airtel Malawi៕
ដោយ៖ ឈាង
អានបន្ថែម៖ ច្បាស់ការណ៍! អនុប្រធានាធិបតីម៉ាឡាវី បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


