Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ដឹក​អនុប្រធានាធិបតី​ម៉ាឡាវី បាត់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា

បានផុស

នៅ

យន្តហោះ​មួយ​គ្រឿង ដែល​ដឹក​អនុ​ប្រធានាធិបតី​ម៉ាឡាវី លោក Saulos Chilima និង​មនុស្ស​៩​នាក់​ផ្សេង​ទៀត បាន​បាត់​ចេញ​​​ពី​ប្រព័ន្ធ​រ៉ាដា បន្ទាប់​ពី​​ការ​ហោះហើរ​​ទៅ​កាន់​តំបន់​ភ្នំ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស។ នេះ​បើ​យោង​តាម​​​​សេចក្ដី​ថ្លែងការណ៍​​របស់​ការិយាល័យ​ប្រធានាធិបតី​ម៉ាឡាវី នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អនុ​ប្រធានាធិបតី​ម៉ាឡាវី លោក Saulos Chilima (រូបភាព៖ AP)

​​យន្តហោះ ដែល​បាន​បាត់ ជា​យន្តហោះ​កង​កម្លាំង​ការពារ​ជាតិ​ម៉ាឡាវី ដែល​​​​បាន​ហោះ​ចេញ​ពី​រដ្ឋធានី Lilongwe វេលា​ម៉ោង ៩​និង​១៥​នាទីព្រឹក​ថ្ងៃ​ចន្ទ សំដៅ​ទៅ​ចត​នៅ​ព្រលាន​​អន្តរជាតិ Mzuzu ដែល​មាន​​ចម្ងាយ​ផ្លូវ​ប្រមាណ ៣៧០​គីឡូ​ម៉ែត្រ ចំណាយ​ពេល​ហោះ​ហើរ​ជាទូទៅ​ត្រឹម ៤៥​នាទី​ប៉ុណ្ណោះ។ នៅ​លើ​យន្តហោះ​ក៏​មាន​ភរិយា​របស់​​អតីត​ប្រធានាធិបតី​ម៉ាឡាវី​លោក Bakili Muluzi ផង​ដែរ។ ដំណើរ​លើក​នេះ មាន​គោល​​បំណង​ទៅ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​សព​អតីត​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប។

លោក Lazarus Chakwera ប្រធានាធិបតី​ម៉ាឡាវី បាន​ប្រាប់​ថា បច្ចុប្បន្ន ក្រុម​​ទាហាន​​​កំពុង​ធ្វើ​បេសកកម្ម​​ជួយ​សង្គ្រោះ និង​រុករក​យន្តហោះ ដែល​បាន​បាត់​របស់​លោក Saulos Chilima។ លោក និយាយ​ថា “ខ្ញុំ​បាន​ចេញ​បញ្ជា​​យ៉ាង​តឹង​រ៉ឹង​ហើយ​ថា ប្រតិបត្តិការ​គួរ​​បន្ត​ធ្វើ​រហូត​ទាល់​តែ​យន្តហោះ​ត្រូវ​​បាន​រក​ឃើញ”។

លោក Chakera បាន​បន្ថែម​ថា មុន​កើត​ហេតុ​ ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​​ផ្លូវ​អាកាស បាន​ព្រមាន​​ឲ្យ​​​យន្តហោះ​របស់​លោក Chilima កុំ​ធ្វើ​ការ​ចុត​ចត​នៅ​ព្រលាន​ Mzuzu ដោយសារ​តែ​កត្តា​អាកាស​មិន​ល្អ។ ក្រោយ​ការ​ព្រមាន​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​ការ​​ទាក់ទង​នៅ​លើ​យន្តហោះ​បាន​ដាច់ ហើយ​​យន្តហោះ​បាន​បាត់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ន័រវេស និង​អ៊ីស្រាអែល បាន​ប្រកាស​ផ្ដល់​កង​កម្លាំង​​ជំនួយ​ក្នុង​​ប្រតិបត្តិការ​រុក​រក ព្រម​ទាំង​​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ស្វែង​​រក​យន្តហោះ​​ឲ្យ​​​​បាន​​ឃើញ​ឆាប់ៗ៕

ដោយ៖ ឈាង​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម