សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី អំពាវនាវឱ្យវិនិយោគិនសិង្ហបុរី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
មានប្រសាសន៍នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអ្នកវិនិយោគសិង្ហបុរី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា កំពុងបង្កើនការអភិវឌ្ឍធនធានមនុស្សដើម្បីធានាថា កម្លាំងពលកម្មរបស់ខ្លួនមានជំនាញ និងចំណេះដឹងស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើប។

សម្ដេចនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាមានគន្លងសេដ្ឋកិច្ច គួឱ្យស្ញប់ស្ញែង ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំនៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ មុនពេលជំងឺរាតត្បាតកូវីដ១៩។
ទោះបីជាមានការថមថយបន្តិច នៅឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់ និងបង្ហាញភាពធន់គួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២១ និងឈានទៅសម្រេចអត្រាកំណើន ៥ ភាគរយ នៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើន ៦ ភាគរយ នៅក្នុងឆ្នាំ ២០២៤។
សម្ដេចធិបតីបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនេះ គួបផ្សំនឹងការវិនិយោគពីបរទេស បានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលត្រូវបានបង្កើតឡើងគ្រប់វិស័យ។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកំពុងកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិ និងនីតិវិធី ក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តដ៏ទាក់ទាញ។
ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ រហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារវិនិយោគិន ដោយមិនមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស និងមិនមានការដាក់កម្រិតលើការផ្ទេរប្រាក់ចំណេញ និងដើមទុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីពង្រឹងបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមសម្រាប់សម្ព័ន្ធភាពផលិតកម្មនៃរដ្ឋាភិបាលសិង្ហបុរី កម្ពុជាឈររឹងមាំ ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត ក្នុងតំបន់អាស៊ាន ជាមួយនឹងសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាល កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងធនធានធម្មជាតិសម្បូរបែប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា៖ «ខ្ញុំសុំអញ្ជើញវិនិយោគិនសិង្ហបុរីទាំងអស់ មកស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើនប្រកបដោយជវភាព កាលានុវត្តភាពដ៏ធំសម្បើម សម្រាប់កំណើនតម្លៃបន្ថែម បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និងកសិឧស្សាហកម្ម»។
សូមជំរាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេស តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


