Connect with us

ព័ត៌មានជាតិ

កម្ពុជា–សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានអនុញ្ញាតឱ្យ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយន្តការ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតួនាទីរបស់ គ.ប.ឆ.ប. និងច្បាប់ថ្មីពាក់ព័ន្ធ ដែលជាឧបករណ៍សំខាន់ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធ ដើម្បីសម្អាតបណ្តាញឧក្រិដ្ឋកម្មឱ្យដល់ឬសគល់ និងទប់ស្កាត់មិនឱ្យកើតឡើងវិញ។

លោកក៏បានលើកឡើងពីទិសដៅបន្ត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការលាងសម្អាតប្រាក់ និងជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាព និងចីរភាព។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាសកលដែលត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកក៏បានគាំទ្រការបង្កើត គ.ប.ឆ.ប. និងការអនុវត្តច្បាប់ថ្មី ដែលបង្ហាញពីការតាំងចិត្តច្បាស់លាស់របស់កម្ពុជា។

សិង្ហបុរីក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការគាំទ្រកម្ពុជា តាមរយៈការកសាងសមត្ថភាពមន្ត្រី ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងការអនុវត្តសកម្មភាពរួមនានា។

ជាទីបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងគំនិតផ្តួចផ្តើម ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការ ទាំងកម្រិតទ្វេភាគី និងពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម