ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាល្លឺម៉ង់ជាជនជាតិស្បែកខ្មៅ ចុះចេញពីតំណែង ព្រោះទ្រាំលែងបាននឹងការរើសអើងពណ៌សម្បុរ
តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ក្នុងសប្តាហ៍នេះ, ជនជាតិស្បែកខ្មៅដើមកំណើតអាហ្រ្វិកដំបូងគេ ដែលជាប់ឆ្នោតនៅសភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ ពេលនេះបានសម្រេចចិត្ត ចុះចេញពីតំណែងហើយ ក្រោយទ្រាំលែងបានពីការរើសអើងពណ៌សម្បុរ។

ជាមួយនឹងសេចក្តីប្រកាសលាលែងនេះ លោក Karamba Diaby អាយុ៦២ឆ្នាំ បានបញ្ជាក់ច្បាស់ៗថា គាត់នឹងមិនឈរឈ្មោះជាបេក្ខជនអាណត្តិថ្មី ក្នុងការបោះឆ្នោតសហព័ន្ធឆ្នាំ២០២៥ទេ។
ការសម្រេចចិត្តចុះចេញពីតំណែងរបស់គាត់ កើតឡើងត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគាត់ដាច់ចិត្តទម្លាយសារជាច្រើនដែលផ្ញើមកតិះដៀលនិងវាយប្រហារគាត់ដោយភាពស្អប់ខ្ពើម។

សូមបញ្ជាក់ថា លោក Diaby គឺជាគីមីវិទូ កើតនៅប្រទេសសេណេហ្គាល់ ហើយលោកបានក្លាយជាអ្នកនយោបាយ ចូលរួមក្នុងគណបក្សសង្គមប្រជាធិបតេយ្យ (SPD) ជាមួយគោលជំហរថា គាត់ចង់ជំរុញទឹកចិត្តកាន់តែខ្លាំង ឲ្យយុវជនច្រើនឡើងៗ ចូលប្រឡូកឆាកនយោបាយ។
ក្នុងឆ្នាំ១៩៨៥ គាត់បានទទួលអាហារូបករណ៍ ដូច្នេះត្រូវផ្លាស់ទៅសិក្សានៅប្រទេសអាល្លឺម៉ង់ខាងកើត ហើយនៅទីនោះ គាត់ក៏ក្លាយជាអ្នកគីមីវិទូ និងទទួលបានសញ្ជាតិអាល្លឺម៉ង់តែម្តង។

លុះដល់ឆ្នាំ២០១៣ គាត់ក៏បានចូលសភា ខណៈអំឡុងពេលគាត់ប្រឡូកក្នុងឆាកនយោបាយ គាត់និងបុគ្គលិក បានទទួលសារស្អប់ខ្ពើមជាច្រើន រួមទាំងពាក្យជេរប្រមាថជាតិសាសន៍ និងការគំរាមកំហែងដល់អាយុជីវិតផងដែរ ហើយការិយាល័យរបស់គាត់ ត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើង និងការលួចដុតថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Diaby អះអាងថា ពាក្យប្រមាថពណ៌សម្បុរ ការរើសអើងជាតិសាសន៍ និងការគំរាមសម្លាប់ មិនមែនជាហេតុផលចម្បង ចំពោះការសម្រេចចិត្តរបស់គាត់ទេ ផ្ទុយទៅវិញ អារម្មណ៍មិនពេញចិត្តនិងបញ្ហាសង្គមអាល្លឺម៉ង់ ក៏ជាកត្តាដែលនាំឲ្យគាត់ ឈប់ប្រឡូកក្នុងឆាកនយោបាយដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


