Connect with us

ព័ត៌មានអន្ដរជាតិ

អធិការបតីអាល្លឺម៉ង់ លួងចិត្ត ត្រាំ ហើយថា ត្រូវសហការគ្នា បង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចាជាបន្ទាន់

បានផុស

នៅ

បន្ទាប់ពីមានភាពរកាំរកូស និងការប៉ះទង្គិចសម្តីគ្នាយ៉ាងខ្លាំងក្លាមក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃសុក្រ ទី​១៥ ខែ​ឧសភា ថា លោកបានជជែកគ្នាយ៉ាងរលូន តាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរ បានយល់ស្របគ្នាយ៉ាងខ្លាំងលើបញ្ហាជាច្រើន ដោយក្នុងនោះ រួមមាន ការយល់ឃើញថា ប្រទេសអ៊ីរ៉ង់ «ត្រូវតែចូលមកតុចរចាជាបន្ទាន់»។

លោក Merz និង​លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu កន្លងមក លោក ត្រាំ និងអធិការបតីអាល្លឺម៉ង់រូបនេះ ធ្លាប់មានទំនាក់ទំនងមិនសូវល្អទាល់តែសោះ ជុំវិញបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដោយកាលពីខែមុន លោក ត្រាំ ថែមទាំងបានរិះគន់ចំៗលើលោក Meraz ថាបានលួចគាំទ្រអ៊ីរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទៀតផង។ ដើម្បីដោះស្រាយការយល់ច្រឡំនេះ លោកអធិការបតីអាល្លឺម៉ង់ បានចេញមុខមកបកស្រាយយ៉ាងច្បាស់លាស់ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រថា លោកមិនដែលគាំទ្រឱ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។

លោក Merz បានសរសេររៀបរាប់នៅក្នុងការបង្ហោះនោះថា លោកបានជជែកទូរសព្ទយ៉ាងរីករាយជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកំឡុងពេលដែលមេដឹកនាំអាមេរិក កំពុងធ្វើដំណើរត្រឡប់មកពីប្រទេសចិនវិញ។ លោកបានបន្តថា ពួកយើងមានទស្សនៈដូចគ្នាគឺ អ៊ីរ៉ង់ត្រូវតែចូលមកតុចរចាភ្លាមៗ ហើយត្រូវតែបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ព្រមទាំងមិនត្រូវអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់ មានឱកាសក្តាប់ជាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។

ក្រៅពីបញ្ហាអ៊ីរ៉ង់ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ ក៏បានជជែកគ្នាអំពីការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន និងបានជជែកសម្របសម្រួលជំហររួមគ្នា មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ឈានចូលមកដល់នៅក្នុងទីក្រុងអង់ការ៉ា ផងដែរ។ លោក Merz បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គឺជាដៃគូដ៏រឹងមាំនៅក្នុងប្លុកណាតូដ៏មានអំណាចមួយនេះ។

ការចេញមុខមកសម្របសម្រួលមេត្រីភាពឡើងវិញនេះ បានបង្ហាញឱ្យឃើញពីការប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងរវាងអាមេរិក និងអាល្លឺម៉ង់ បន្ទាប់ពីស្ថានភាព បានឡើងកម្តៅយ៉ាងខ្លាំងកាលពីដើមខែនេះ នៅពេលដែលលោក Merz ធ្លាប់បានរិះគន់លោក ត្រាំ ចំៗថា «ត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់មុខ»។ សម្តីរិះគន់កាលណោះ បានធ្វើឱ្យលោក ត្រាំ ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់បញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ៥ ០០០នាក់ ចេញពីទឹកដីអាល្លឺម៉ង់ភ្លាមៗតែម្តង ប៉ុន្តែពេលនេះ មេដឹកនាំទាំងពីរ ហាក់បីដូចជាបានបង្វែរចរន្តមកត្រូវរ៉ូវគ្នាសាជាថ្មីវិញហើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម