ព័ត៌មានជាតិ
ក្រសួងអប់រំ ពង្រឹងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ ក្នុងតំបន់ទី១ ចំនួន ៦ ខេត្ត
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈគំរូ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ ក្នុងតំបន់ទី១ មកពី ៦ ខេត្ត ដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ សរុបចំនួនប្រមាណ ១២០នាក់។

សិក្ខាសាលានេះរៀបចំឡើង នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្នុងគោលបំណង ដើម្បីបំប៉ន និងពង្រឹងសមត្ថភាពបន្ថែមដល់ថ្នាក់មន្ទីរអប់រំ ការិយាល័យអប់រំ នាយកសាលាគោលដៅនៅក្នុងតំបន់ទី១ ឱ្យទទួលបាននូវចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅលើស្តង់ដា សាលាមធ្យមសិក្សាគំរូ និងយន្តការចុះជួយគាំទ្រសាលារៀន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ដើម្បីជំរុញនូវការអនុវត្តផែនការសកម្មភាពកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖
– ដើម្បីដើម្បីពង្រឹងគុណភាពអប់រំ ត្រូវផ្អែកលើការពង្រឹងកត្តាសំខាន់ ៤ រួមមាន៖ ទី១. កត្តាសាលារៀន ទី២. កត្តាសិស្ស ទី៣. កត្តាគ្រូបង្រៀន និង ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។
ទី១. កត្តាសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមប្រកប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន គឺទាមទារទាំងការវិនិយោគ និងការចេះថែទាំ និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អ ពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់

ទី២. កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរឆ្លាតវៃ ទើបរៀនបានពូកែ ដែលនេះទាមទារការយកចិត្តទុកដាក់ដល់ការលូតលាស់របស់កូន ពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ( ១ ០០០ ថ្ងៃដំបូង) ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យដើម្បីរៀបចំពួកគេសម្រាប់ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
ទី៣. កត្តាគ្រូបង្រៀន៖ ក្រសួងបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងចូលគ្រូ ការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ដែលជាផ្នែកមួយនៃកំណែទម្រង់សាលាគរុកោសល្យ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាព គ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍។

– គណនេយ្យភាពសាលារៀន៖ ដើម្បីកែលម្អសាលារៀន ឱ្យទទួលបានជោគជ័យ ត្រូវចាប់ផ្តើមពីការធ្វើតេស្តស្តង់ដា ដើម្បីវាស់ពីចំណេះដឹងពិតប្រាកដរបស់សិស្ស ដឹងពីចំណុចខ្លាំង និងខ្សោយត្រូវបំពេញបន្ថែម ការរៀបចំជាគណៈកម្មាការគ្រប់គ្រងសាលារៀន រៀបចំថ្នាក់រៀន ជួយពិនិត្យតាមដានការដឹកនាំគ្រប់គ្រងសាលារៀន។
– កត្តាគន្លឹះ នៃគណនេយ្យភាពសាលារៀន គឺដើម្បីបង្រៀនសិស្សឱ្យចេះ ដើម្បីទទួលបានការគោរព និងផ្តល់តម្លៃពីឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ ហើយជាផ្នែកមួយនៃយុទ្ធសាស្ត្របង្រៀនឱ្យចេះ គឺត្រូវបង្រៀនឱ្យបានពេញមួយថ្ងៃ ទន្ទឹមនឹងការមានវិធីសាស្ត្របង្រៀនត្រឹមត្រូវ។

– គន្លឹះនៃការកែលម្អ គឺត្រូវតែខំប្រឹងបន្តសហការ ជួយគាំទ្រគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក រវាងនាយកសាលា និងនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ហើយគ្រូដែលជួយគ្រូផ្សេងទៀតឱ្យរីកចម្រើន និងក្លាយជាគ្រូឈានមុន។
– ក្រសួង នឹងបន្តផ្តល់ជូនសៀវភៅគោលបន្ថែមទៀតដល់សាលារៀន ក៏ដូចជាបន្តកែលម្អសៀវភៅគោល ដោយផ្សារភ្ជាប់នឹងវិធីសាស្ត្រ បង្រៀនថ្មីៗឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្សដែលជាសសរទ្រូង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាឆ្នាំ២០៥០។ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ យ៉ាងតិចចំនួន ៥០០ ទៅ ១ ០០០ សាលាឱ្យក្លាយជាសាលារៀនគំរូនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដែលអនុលោមតាមស្តង់ដាចំនួន ៥ រួមមាន៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ៥. គណនេយ្យភាពរបស់សាលារៀន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន