ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរកូនស្រីរបស់លោក ថាក់ស៊ីន ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ហើយសម្ដេចធិបតី បានប្រកាសថា នឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃថ្មីរូបនេះ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋសភាថៃបានបោះឆ្នោតឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។
ភ្លាមៗក្រោយការសម្រេចរបស់សភាថៃ នាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរជូនចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។

សារលិខិតរបស់សម្ដេចធិបតី ជាភាសាអង់គ្លេស បកប្រែជាភាសាខ្មែរក្រៅផ្លូវការ លើកឡើងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការតែងតាំងលោកស្រីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះជាសក្ខីភាពបញ្ជាក់ពីជឿជាក់ និងទំនុកចិត្តដែលប្រជាជនថៃមានសម្រាប់ការដឹកនាំរបស់លោកស្រី»។
សម្ដេចធិបតី បានរំលេចដែរថា ផ្អែកលើប្រវត្តិសាស្រ្តនៃទំនាក់ទំនងវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក កម្ពុជា និងថៃ មានទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដែលបាននាំមកនូវប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្ដីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កម្ពុជា និងថៃ នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្របន្តទៀត។

ក្នុងស្មារតីនេះ សម្ដេចធិបតី ប្រកាសរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចធិបតី ថែមទាំងបានជូនពរឱ្យនាយករដ្ឋមន្រ្តីថ្មីរបស់ថៃរូបនេះទទួលបានជោគជ័យក្នុងការចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំដ៏មានកិត្យានុភាពនេះ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


