កីឡា
កីឡាករម៉ាឡេស៊ីដ៏ឆ្នើម Sim សរសើរក្រុមបាល់ទះកម្ពុជាល្អគ្រប់ទម្រង់
កីឡាករបាល់ទះ Sim Jian Qin បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី សម្រាប់ការប្រកួត៥លើកក្នុងពានរង្វាន់សម្តេចធិបតី SEA V. League Challenge 2024 ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ឆ្លងកាត់៥ប្រកួត ម៉ាឡេស៊ី បានយកឈ្នះ សិង្ហបុរី ២លើក និង ឡាវ ១លើក ប៉ុន្តែចាញ់ម្ចាស់ផ្ទះកម្ពុជា២លើក។ ក្រុមម៉ាឡេស៊ីបានបង្ហាញការពឹងផ្អែកលើកីឡាករ Sim Jian Qin ច្រើនបំផុតសម្រាប់ការប្រកួតនីមួយៗ ស្របពេលរូបគេលេងក្នុងតំណែងអ្នកវាយផ្តាច់ខាងឆ្វេង (Outside Hitter) ប៉ុន្តែនៅតំបន់ផ្សេងទៀតហាក់មានចន្លោះខ្វះខាតច្រើន។

ក្រោយចប់ការប្រកួត Sim បាននិយាយថា រូបគេសប្បាយរីករាយដែលបានមកប្រកួតនៅកម្ពុជាម្តងទៀត បន្ទាប់ពីចូលរួមកាលស៊ីហ្គេម ឆ្នាំ២០២៣។ ទោះបីជាចាញ់ម្ចាស់ផ្ទះកម្ពុជា២លើក ក៏នេះជាឱកាសដ៏ល្អសម្រាប់ម៉ាឡេស៊ីក្នុងការបង្ហាញសមត្ថភាព។

កីឡាករបាននិយាយថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងព្រឹត្តិការណ៍នៅកម្ពុជា។ នេះជាឱកាសដ៏ល្អសម្រាប់ក្រុមម៉ាឡេស៊ីបង្ហាញសមត្ថភាព។ មែនទែនទៅរីករាយដែលបានលេងនៅទីនេះម្តងទៀត បន្ទាប់ពីកីឡាស៊ីហ្គេមកាលពីឆ្នាំមុនដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះកររីករាយក្នុងការទស្សនា។ ការប្រកួតពិតជាអស្ចារ្យ»។

កីឡាករបន្តថា ៖«តាមអ្វីដែលខ្ញុំកត់សំគាល់គឺ ក្រុមកម្ពុជាល្អជាងក្រុមម៉ាឡេស៊ីខ្លាំង។ ពួកគេមានទម្រង់លេងល្អ។ កីឡាករភាគច្រើនខ្ពស់ជាងពួកយើង ហើយលោតបានខ្ពស់ជាងពួកយើង។ សូម្បីតែវាយផ្តាច់ក៏ល្អជាងពួកយើង។ បើនិយាយពីប្រព័ន្ធការពារវិញ ឃើញថា មិនសូវជាខុសគ្នាប៉ុន្មានទេ យើងអាចប្រជែងគ្នាបាន តែក្រុមម៉ាឡេស៊ីលេងពឹងផ្អែកលើខ្ញុំច្រើន»។

«ចំណែកសិង្ហបុរីវិញ ជារួមគឺកាយសម្បទាមិនសូវធំខ្ពស់ទេ ប៉ុន្តែពួកគេល្អក្នុងការលេងស្មារតីជាក្រុម ហើយពួកគេទាំងអស់សុទ្ធតែអាចរកពិន្ទុបាន ខណៈកម្ពុជារកពិន្ទុបានភាគច្រើនគឺការវាយផ្តាច់ក្រៅប្រអប់ និងវាយផ្តាច់កណ្តាល ហើយសូម្បីតែបិទកណ្តាលក៏ល្អ។ នេះជាអ្វីដែលខ្ញុំមើលឃើញ»។ កីឡាករបានបន្ថែម។

ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ ដោយទទួលបានប្រាក់រង្វាន់៣០លានរៀល បន្ទាប់ពីចាញ់ដោយលទ្ធផល ០-៣ នៅវគ្គផ្តាច់ព្រ័ត្រ ក្រោមថ្វីរបស់កម្ពុជា ដែលបានក្លាយជាជើងឯកទទួលបានប្រាក់រង្វាន់១០០លានរៀល។ សិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ៣មានប្រាក់រង្វាន់២០លានរៀល និងឡាវលេខ៤ទទួលបាន១០លានរៀល៕



អត្ថបទ៖ វីបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


