ព័ត៌មានអន្ដរជាតិ
ប្រឈមទោសប្រហារជីវិតស្រាប់ មហាសេដ្ឋីអចលនទ្រព្យវៀតណាមរងបទចោទថ្មីៗទៀត
មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងករណីក្លែងបន្លំប្រាក់ប្រមាណ២៧ ពាន់លានដុល្លារអាមេរិក នឹងប្រឈមមុខនឹងការកាត់ទោសលើកទីពីរពីបទការក្លែងបន្លំ និងការលាងលុយកខ្វក់ក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ខែកញ្ញានេះ។

លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ Van Thinh Phat ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែមេសាពីបទឆបោកប្រាក់ពី ធនាគារ Saigon Commercial Bank (SCB) ក្នុងរយៈពេលមួយទសវត្សរ៍ក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
លោកស្រី Lan និងអ្នកសមគំនិត៣៣នាក់ផ្សេងទៀត ឥឡូវនេះ នឹងត្រូវប្រឈមមុខនឹងការកាត់ទោសរយៈពេលមួយខែចាប់ពីថ្ងៃទី១៩ខែកញ្ញា នៅទីក្រុងហូជីមិញ ដោយចោទប្រកាន់ពីបទក្លែងបន្លំ «ការលាងលុយកខ្វក់និងការជួញដូរប្រាក់ឆ្លងព្រំដែនខុសច្បាប់»។ នេះបើយោងតាមកាសែតផ្លូវការបានដកស្រង់សម្តីរបស់តុលាការក្រុង។
ក្នុងករណីក្លែងបន្លំនេះ មានមនុស្សប្រហែល៣៦០០នាក់ត្រូវបានរងគ្រោះដោយសារគម្រោងឆបោក។ លោកស្រី Lan និងអ្នកផ្សំុគំនិតបានដកហូតប្រាក់ប្រហែល១៨ពាន់លានដុល្លារអាមេរិក ដោយការយកទ្រព្យសម្បត្តិពី SCB និងតាមរយៈការចេញមូលបត្របំណុលនៅចន្លោះដើមឆ្នាំ២០១៨ និងខែតុលាឆ្នាំ ២០២២។
ដើម្បីទទួលបានប្រាក់នេះ លោកស្រី Lan អាយុ៦៧ឆ្នាំ បានបញ្ជាឱ្យអ្នកសមគំនិតដកសាច់ប្រាក់ និងផ្ទេរវាចេញពីប្រព័ន្ធរបស់ SCB បន្ទាប់មកនាងបានលាក់ប្រភពដើមនៃសាច់ប្រាក់ ហើយប្រើវាដើម្បីទូទាត់បំណុលរវាងក្រុមហ៊ុន ឬផ្ទេរប្រាក់ទៅក្រៅប្រទេសសម្រាប់កិច្ចសន្យាក្លែងក្លាយ។
លើសពីនេះ លោកស្រី Lan បានផ្ទេរប្រាក់ចំនួន១,៥ពាន់លានដុល្លារទៅបរទេស និងទទួលបានជាង៣ពាន់លានដុល្លារអាមេរិក ពីក្រៅប្រទេសនៅចន្លោះខែតុលាឆ្នាំ២០១២ដល់ខែតុលាឆ្នាំ២០២២។ ជាមួយគ្នានេះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកសមគំនិតជាមួយលោកស្រីបានដឹកជញ្ជូនសាច់ប្រាក់ដែលស្មើនឹងជាង ៤,៤ពាន់លានដុល្លារអាមេរិកពីទីស្នាក់ការកណ្តាលរបស់ SCB នៅទីក្រុងហូជីមិញ ទៅកាន់ផ្ទះក្បែរនោះ និងទៅកាន់ការិយាល័យកណ្តាលរបស់ Van Thinh Phat ។

គួរបញ្ជាក់ថា លោកស្រី Lan ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងករណីមុនរួចទៅហើយ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទកេងបន្លំប្រាក់ចំនួន ១២,៥ពាន់លានដុល្លារ ខណៈរដ្ឋអាជ្ញាបានឲ្យដឹងថា ការខូចខាតសរុបដែលបណ្តាលមកពីការបោកប្រាស់នោះ ឥឡូវនេះមានចំនួន២៧ពាន់លានដុល្លារ ដែលជាតួលេខស្មើនឹង៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៣ ប៉ុន្តែ លោកស្រី Lan កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនោះ។
នៅក្នុងប្រទេសវៀតណាមការកាត់ទោសប្រហារជីវិតគឺជាការផ្តន្ទាទោសធ្ងន់ធ្ងរមិនធម្មតានៅក្នុងករណីបែបនេះ បើទោះបីជាវៀតណាមគឺជាប្រទេសមានករណីប្រហារជីវិតឈានមុខគេនៅទូទាំងពិភពលោកក៏ដោយ។ នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


