Connect with us

សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅសហរដ្ឋអាមេរិក

បានផុស

នៅ

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានទៅបំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក តាន់ មុនីវណ្ណ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញចូលរួមជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិកឆ្នាំ២០២៤ ដែលមានការ​អញ្ជើញចូលរួមពីក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិកផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុន ក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម។

កម្មវិធីបើកជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងមានការអញ្ជើញចូលរួមពីប្រធានរតនា​គាររដ្ឋកាលីហ្វ័រញ៉ា អភិបាលក្រុងឡុងប៊ិច ប្រធានកំពង់ផែក្រុងឡុងប៊ិច និងតំណាងអាជ្ញាធរពាក់ព័ន្ធ។

ក្រៅពីនេះ នឹងមានការធ្វើបទបង្ហាញ ស្តីពីនិន្នាការទីផ្សារ អនុលោមភាពបទប្បញ្ញត្តិ និងប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក។

បន្ទាប់មក ធុរជនកម្ពុជា និងអាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរួម។ ផលិតផលកម្ពុជាដែលយកមកចូលរួមក្នុងកម្មវិធីជំនូបពាណិជ្ជកម្មនេះរួមមាន៖ អង្គរ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី អំបិល និងផលិតផលបង្កក (ទុរេន និងមៀន)។

ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចទៅកាន់ផ្សារទំនើប និងក្រុមហ៊ុន ចែកចាយផលិតផលនៅទីផ្សារសហរដ្ឋអាមេរិកដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ​ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,​៩​%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,​៩​%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម