ព័ត៌មានអន្ដរជាតិ
បារាំង និងអាមេរិក ស្នើបទឈប់បាញ់២១ថ្ងៃនៅលីបង់ ទុកពេលសម្រាប់ការចរចា
ប្រទេសបារាំង និងសហរដ្ឋអាមេរិកកំពុងធ្វើការស្នើឲ្យមានបទឈប់បាញ់បណ្តោះអាសន្នរយៈពេល២១ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ និងប្រទេសអ៊ីស្រាអែល ដើម្បីទុកពេលវេលាសម្រាប់ការចរចាឲ្យបានកាន់តែទូលំទូលាយ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot កាលពីថ្ងៃទី២៥ខែកញ្ញា។

លោក Barrot បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ដំណោះស្រាយការទូតគឺពិតជាអាចទៅរួច។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យើងបានធ្វើការជាមួយដៃគូអាមេរិករបស់យើងនៅលើទម្រង់បទឈប់បាញ់បណ្តោះអាសន្នរយៈពេល២១ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការចរចា»។
លោកបន្តថា ផែនការនេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងពេលឆាប់ៗ ដោយបន្ថែមថា៖ «យើងកំពុងពឹងផ្អែកលើភាគីទាំងពីរឲ្យទទួលយកដោយមិនបង្អង់យូរ ដើម្បីការពារប្រជាជនស៊ីវិល និងអនុញ្ញាតឲ្យការចរចាការទូតចាប់ផ្តើម»។
លោក Barrot ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសលីបង់នៅចុងសប្តាហ៍នេះ បានបញ្ជាក់ទៀតថា ទីក្រុងប៉ារីសបានធ្វើការជាមួយភាគីនានាក្នុងការកំណត់ពេលវេលាសម្រាប់វិធានការការទូតដោះស្រាយវិបត្តិបច្ចុប្បន្ន ក្រោមសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៧០១។
សេចក្ដីសម្រេចលេខ១៧០១ ត្រូវបានអនុម័តបន្ទាប់ពីសង្គ្រាមរយៈពេលមួយខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ២០០៦ ដែលបានអនុញ្ញាតឲ្យមានការបង្កើនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្រាប់ជួយដល់កងទ័ពលីបង់ក្នុងការឈរជើងនៅផ្នែកខ្លះនៃភាគខាងត្បូងប្រទេស ហើយទាមទារឲ្យមានការដកទ័ពអ៊ីស្រាអែលចេញពីលីបង់ និងការបញ្ឈប់សកម្មភាពប្រដាប់អាវុធនានារបស់ក្រុមហេសបូឡា។
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការអនុវត្តទាំងស្រុងនូវសេចក្ដីសម្រេចលេខ១៧០១ គឺជាដំណោះស្រាយរយៈពេលវែងតែមួយគត់។ លោក Wood បាននិយាយថា៖ «សហរដ្ឋអាមេរិកបានចូលរួមយ៉ាងខ្លាំងក្លាជាមួយគ្រប់ភាគីនៅក្នុងតំបន់។ គោលបំណងរបស់យើងគឺច្បាស់ណាស់ ដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំដែលយើងជឿថាមិនមែនជាការចង់បានរបស់ភាគីណាមួយ ឬក៏ប្រជាជនអ៊ីស្រាអែល និងប្រជាជនលីបង់។ យើងកំពុងធ្វើការជាមួយប្រទេសផ្សេងទៀតលើសំណើមួយដែលយើងសង្ឃឹមថានឹងនាំឲ្យមានភាពស្ងប់ស្ងាត់ និងអាចឲ្យការពិភាក្សាទៅរកដំណោះស្រាយការទូត»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ថា លីបង់មិនអាចក្លាយជាតំបន់ហ្គាហ្សាមួយទៀតបាននោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


