ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងថ្លៃតិចតួច ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និងព្យុះសង្ឃរានៅអាមេរិក
តម្លៃប្រេងសកលបានហក់ឡើងតិចតួច សម្រាប់ការជួញដូរលើទីផ្សារនៅអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ និងព្យុះសង្ឃរា Milton ដែលកំពុងបក់បោកលើឧបទ្វីបហ្វ្លរីដា សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៧ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៦,៩៥ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៣៥ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៣,៥៩ ដុល្លារ/បារ៉ែល។
អ្នកវិភាគបានគូសភ្ជាប់ការឡើងតម្លៃនេះ ទៅនឹងព្យុះសង្ឃរា Milton ដែលកំពុងវាយប្រហារសហរដ្ឋអាមេរិក ដែលជាប្រទេសផលិត និងប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។ ព្យុះដដែលបានជំរុញឱ្យមានតម្រូវការប្រេងសាំងក្នុងរដ្ឋរងគ្រោះហ្វ្លរីដា ដែលធ្វើឱ្យតម្លៃប្រេងកើនឡើង ដោយស្ថានីយប្រេងឥន្ធនៈប្រហែល១/៤ បានដាច់ស្តុក នៅពេលពលរដ្ឋរាប់លាននាក់ធ្វើការជម្លៀសខ្លួនចេញពីផ្លូវរបស់ព្យុះ។ ការណ៍នេះ ជាផ្នែកមួយធ្វើឱ្យតម្លៃប្រេងឆៅកើនឡើង។

យ៉ាងណាមិញ មួយផ្នែកធំនៃការជំរុញតម្លៃប្រេងឆៅនោះ គឺភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងបរិបទជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ខណៈជម្លោះតំបន់នេះអាចបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេង។ ឆ្លើយតបនឹងការបាញ់ផ្លោងមីស៊ីលពីអ៊ីរ៉ង់ជិត២០០គ្រាប់លើទឹកដីខ្លួន អ៊ីស្រាអែលបានប្ដេជ្ញាសងសឹកជាថ្មីកាលពីថ្ងៃពុធថា នឹងធ្វើការវាយប្រហារលើអ៊ីរ៉ង់ឱ្យ «សាហាវ ច្បាស់លាស់ និងគួរឱ្យភ្ញាក់ផ្អើល»។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្លៃប្រេងនៅតែស្ថិតនៅក្នុងភាពខ្សោយ ដោយសារតែតម្រូវការមិនរឹងមាំ។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) កាលពីថ្ងៃអង្គារ បានបន្ទាបការព្យាករណ៍តម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ស្តីពីការចុះខ្សោយនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងអាមេរិកខាងជើង៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


