ព័ត៌មានជាតិ
អភិបាលរាជធានី ស្នើកីឡាករអុំទូក និងពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន ជាពិសេសអាជីវករលក់ដូរកុំដំឡើងថ្លៃម្ហូបអាហារនាឱកាសបុណ្យអុំទូក
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យកីឡាករ-កីឡាការិនីអុំ ចែវទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ជាពិសេសអាជីវករលក់ដូរទាំងអស់ សូមកុំដំឡើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

ការស្នើសុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងការប្រណាំងទូកថ្នាក់រាជធានី នារសៀលនេះ។
ការប្រារព្ធពិធីសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំឲ្យដំណើរការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និទ្ធស្នាល រក្សាបានប្រពៃណីទំនៀមទម្លាប់ជាតិ និងសាមគ្គីភាព មិត្តភាព។

លោក ឃួង ស្រេង មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទម្លាប់ជាតិតាំងពីយូរលង់មកហើយ។ ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទ័ពជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចម្រើន។ ម្យ៉ាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសារសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៌ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ការពារប្រជាពលរដ្ឋមកលេងកម្សាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ទោះបីជាយ៉ាងណាក្តី ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឲ្យទទួលបានភាពសប្បាយរីករាយ។
លោក ឃួង ស្រេង ក៏បានអំពាវនាវបន្ថែមទៀតដល់កីឡាករ-កីឡាការិនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលនឹងប៉ះពាល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមកីឡាករទាំងអស់ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ទូកទាំងអស់ដែលត្រូវប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានចំនួន ៤៤ ទូក ដោយបានចែកចេញជា ៣ ប្រភេទ គឺ ទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរស និងទូកចែវបុរស ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន ៣ ១៩៣ នាក់ ស្រី ៩២ នាក់៕
អត្ថបទ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


