ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យមើលការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ខណៈបុណ្យចូលឆ្នាំថ្មី នៅសល់តែ ៤ ថ្ងៃទៀត
នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងឈានមកដល់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅទីតាំងចំនួន ៥ កន្លែង ផ្សេងទៀត។

ដើម្បីការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នេះ ទទួលបានជោគជ័យ និងមានសោភ័ណភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ កាលពីព្រឹកថ្ងៃទី ១០ មេសា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដែលត្រូវរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មួយចំនួន ពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅភូមិវប្បធម៌(សួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ) ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

ក្នុងឱកាស នៃការចុះពិនិត្យនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យក្រុមការងារពន្លឿនការរៀបចំនេះឲ្យបានលឿន និងទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ លោក ឃួង ស្រេង នូវបានណែនាំឲ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ ធ្វើអនាម័យ បរិស្ថាន ផងដែរ។

គិតមកដល់ថ្ងៃទី ១០ មេសា នេះ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកញាប់ដៃញាប់ជើងសម្រុករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។ ចំណែកខាងជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏កំពុងរៀបចំតុបតែងលម្អ ពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗ ទៀតដែរ។


រូបសំណាកសេះមាស ដ៏អង់អាច តំណាងឲ្យ ឆ្នាំមមី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ធ្វើឡើងពីឫស្សី កម្ពស់ ៣,៨៩ ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបានក្រុមការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ ដំឡើងរួចរាល់ នៅលើបល្ល័ង្ក កម្ពស់ ៣ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ខាងមុខ នាឡិកាធំ នៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋមកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។


គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្នុងរយៈពេល ៦ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ផងដែរ។



ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឲ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


