ព័ត៌មានជាតិ
អភិបាលរាជធានី៖ កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅរាជធានីភ្នំពេញ ត្រូវបានចូលរួមចំណែកពីរដ្ឋាភិបាលជប៉ុន
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ជាដើមត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥតសំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខណៈអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុង សកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូមកថា នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ជាដំបូងលោកអភិបាលរាជធានីបានថ្លែងអំណរគុណជូនចំពោះលោកស្រីអភិបាលក្រុងតូក្យូ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-NETS និងបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញជាពេលនេះ។

លោកអភិបាលក៏បានជម្រាបជូនលោកស្រីអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេស អំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។

លោកអភិបាលក៏បានជម្រាបជូនបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ទីក្រុង។ កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥត សំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។

ជាកិច្ចឆ្លើយតប លោកស្រីអភិបាលក្រុងតូក្យូបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនលោកអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ G-NETS ជាពិសេសក្នុងជំនួបពិភាក្សាការងារក្នុងពេលនេះ។

លោកស្រី អភិបាលក្រុងតូក្យូក៏បានជម្រាបជូនលោកអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២ មក គឺដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកា នេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេសសាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ហើយលោកស្រីសង្ឃឹមថារដ្ឋបាលរាជធានីភ្នំពេញអាចការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងនឹងការដោះស្រាយគ្រោះមហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ។ ជាទីបញ្ចប់លោកស្រីបានជូនពរឱ្យការស្នាក់នៅ និងបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទទួលបានជោគជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


