Connect with us

សន្តិសុខសង្គម

មន្ទីរសុខាភិបាលខេត្តតាកែវ សម្រេចបិទគ្លីនិក សុងហាក់ ម៉ារីណា ក្រោយចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យមនុស្សស្លាប់

បានផុស

នៅ

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានសម្រេចបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តទៀតឡើយ ក្រោយពីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលនៃអគណៈអភិបាលខេត្ត បានថ្កោលទោស និងចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹង និងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ តាមរយៈសេចក្ដីជូនដំណឹង ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលខេត្តក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព។

សូមរំលឹកថា ស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ទូ អាយុ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់កាលពីល្ងាចថ្ងៃទី១៨វិឆ្ឆិកា រួចយកសព និងក្មួយស្រីអាយុ៣ខួបទៅផ្លុងចោលនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ​ ឃុំចំបក់ស្រុកបាទី​ រហូតដល់ព្រឹកថ្ងៃទី១៩វិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ។ តាមការពិនិត្យកោសល្យវិច័យរបស់មន្ត្រីជំនាញលើសពបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។ ក្នុងករណីនេះ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទីបានបញ្ជាក់ថា​ នេះជាករណីមនុស្សឃាតដោយអចេតនា។

ទោះបីយ៉ាងណាក្នុងករណីនេះ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្ដីប្រពន្ធដើម្បីអនុវត្តនីតិវិធីច្បាប់ ចំណែកទីតាំងគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ក៏ត្រូវបានបិទមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពបន្តទៀតឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម