ព័ត៌មានជាតិ
កម្ពុជាប្រកាសប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស
យកឱកាសនៃការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានប្រកាសប្រឆាំងដាច់ខាតឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ពិសេសអំពើជួញដូរមនុស្ស ក៏ដូចជាអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលកំពុងក្លាយជាបញ្ហាសកលដ៏ស្មុគស្មាញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស តាមរយៈការលើកកម្ពស់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីការកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដែលកន្លងមកបានរួមគ្នាប្រឹងប្រែងការពារសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់លើមនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព និងគ្រប់ទីកន្លែង តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសជនល្មើស ដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសដទៃទៀត។

យ៉ាងណាមិញ សម្ដេចធិបតី បានថ្លែងឱ្យដឹងថា ជនល្មើសជាច្រើន ដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ហើយបង្កើតបានជាបទល្មើសយ៉ាងអនាធិបតេយ្យនៅលើទឹកដីកម្ពុជា ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា។ សម្ដេចធិបតី ថា សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះហើយ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកឧក្រិដ្ឋកម្មទាំងនេះ គឺជាបញ្ហារួម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់តំបន់ និងពិភពលោក។

ពីវេទិកានៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃនេះ សម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយនឹងបន្តអនុវត្តដូចគ្នា ដើម្បីបង្ហាញឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីប្រមែប្រមូលជាកម្លាំងរួមក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្តីសុខរបស់ពលរដ្ឋទាំងអស់គ្នា។
ក្នុងនាមជាប្រទេសជិតខាងល្អ កម្ពុជា ជឿជាក់ថា បណ្ដាប្រទេសជាមិត្តនឹងបន្តកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់អំពីសភាពការពិត ដែលនាំឱ្យប៉ះពាក់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ ពោលគឺមានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


