សេដ្ឋកិច្ច
រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្តបួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍
ជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើននូវកំណើនប៉ូលសេដ្ឋកិច្ចថ្មី រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ បានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន»។

រាជរដ្ឋាភិបាលមានឆន្ទៈជំរុញសកម្មភាពសេដ្ឋកិច្ចនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់ និងតាមវិស័យ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាមគំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃកំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន។
លោកថ្លែងថា៖ «ការដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជនឆ្ពោះទៅទិសឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ក្នុងខេត្តនីមួយៗផង ជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មពីខេត្តមួយទៅខេត្តមួយផង និងអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា គោលនយោបាយសម្រាប់តំបន់ភាគឦសានមានទិដ្ឋភាព ៣ ដែលត្រូវគិតគូព្រមគ្នាពោលគឺមនុស្ស ចរន្តសេដ្ឋកិច្ច និងការតភ្ជាប់ ដែលមិនអាចខ្វះខាតចំណុចណាមួយ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលចង់ឱ្យមនុស្សទៅរស់នៅ ប៉ុន្តែប្រជាជនដែលទៅរស់នៅមិនអាចនៅយូរអង្វែងបាន ដោយសារគ្មានចរន្តសេដ្ឋកិច្ច ហើយនៅពេលដែលយើងចង់ជំរុញឱ្យមានចរន្តសេដ្ឋកិច្ច វិនិយោគិនក៏អាចនឹងត្អូញត្អែរថាលំបាកលើការតភ្ជាប់ទៅនឹងទីផ្សារជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែម៖ «ការតភ្ជាប់គឺជាចំណោទនៃកត្តាភូមិសាស្ត្រដោយលំបាកមួយ អ្នករៀបចំគោលនយោបាយត្រូវគិតគូជារឿយៗថា នៅពេលដែលយើងចង់ឱ្យមានភ្ញៀវទេសចរមកលេងញឹកញាប់នៅក្នុងតំបន់នេះ ថាតើយើងត្រូវបង្កើតភាពទាក់ទាញដូចម្ដេចឱ្យខ្លាំង ហើយអាចជម្នះបាននូវការចម្ងាយ ៧ ម៉ោង នូវការធ្វើដំណើរ តើធ្វើដូចម្ដេចឱ្យភ្ញៀវទៅហើយចង់មកម្ដងទៀតក្នុងរយៈចម្ងាយដ៏វែង»។

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងបន្តផ្ដល់នូវដីសម្បទានសង្គមកិច្ចជូនអតីតកម្លាំងប្រដាប់អាវុធ គ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។
សម្ដេចធិបតីបានបន្ថែមថា ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» ឆ្នាំ ២០២៥-២០២៨ ធ្វើឡើងដើម្បីជំរុញការវិនិយោគឯកជនកាន់តែសកម្ម បង្កើនចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញប្រមូលផ្ដុំ ប្រជាជនឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើននៅតំបន់នេះ។
សម្ដេចបន្តថា ការគិតគូពីការកសាងហេដ្ឋារចនសម្ព័ន្ធគឺជាការងារដែលធ្វើឡើងបន្តបន្ទាប់ពីមួយអាណត្តិទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន។

រាជរដ្ឋាភិបាលបានចាត់ទុកខេត្តទាំង ៤ នៅភាគឦសានជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួនរួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿង សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិជាតិ។
នៅក្នុងឆ្នាំ២០២៤ បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួនមានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។ តួលេខនេះ ឆ្លុះបញ្ចាំងច្បាស់ពីផលិតភាព និងភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និងអាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន។
ភាពសម្បូរបែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែនជម្រកសត្វព្រៃ ជាដើម បានធ្វើឲ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ជាពិសេសទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសតែប៉ុណ្ណោះ។
សូមជំរាបថា កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន ៣ រួមមាន៖
ទី១. កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសានឱ្យក្លាយជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានា។
ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។
វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានស្រាប់, គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨ ។
វិធានការទាំង៣ប្រភេទខាងលើ ត្រូវបានគិតគូរ និងអនុវត្តដូចតទៅ៖
– វិធានការទី១៖ វិធានការផ្នែកពន្ធដារ និងពន្ធគយ៖
ការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ ត្រូវផ្ដល់ជូនដល់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទ រួមមាន៖ ១. គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងវិស័យទូទៅ, ២. គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាព និង៣. គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងឆ្នាំ ២០២៥-២០២៨។
លើសពីនេះទៀត សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារតាមនីតិវិធី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៥ នេះ ដោយទទួលបានការលើកលែងនូវការពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។
ក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់, សកម្មភាពធុរកិច្ចទាំងនេះ អាចស្នើសុំការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងឆ្នាំ ២០២៥នេះ។
– វិធានការទី២. ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ៖
រាជរដ្ឋាភិបាល នឹងដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ឥណទាន ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍, ស្របតាមអាទិភាព ដែលត្រូវបានកំណត់ក្នុងគោលដៅ ចំនួន៣ រួមមាន៖ ១. គាំទ្រដល់ដំណើរការវិនិយោគ ឬការពង្រីកអាជីវកម្ម, ២. គាំទ្រដល់សកម្មភាពប្រមូលទិញ ឬ ស្តុកទុកកសិផល, និង៣. ជំរុញអាជីវកម្មកែច្នៃ និង/ឬ វេចខ្ចប់។
– វិធានការទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៖
រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការសំដៅចូលរួមកាត់បន្ថយថ្លៃដើម ផលិតកម្ម និង លើកកម្ពស់ផលិតភាពផលិតកម្ម រួមមាន៖ ១. ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច, រួមទាំងការស្នើសុំអាជ្ញាបណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា ព្រមទាំងការចុះបញ្ជីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់; ២. ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ ដែលបម្រើដល់ការអនុវត្ត ឬការពង្រីកគម្រោង, ៣. ការពង្រឹង យន្តការ ឬ នីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលជាបន្ទុកបន្ថែមរបស់វិនិយោគិន ក្នុងការចុះបញ្ជី និង ដំណើរការអាជីវកម្ម; និង ៤. វិធានការផ្សេងទៀត។
ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តវិធានការលើកទឹកចិត្តនៃ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារ ជំរុញការវិនិយោគក្នុងភូមិភាគឦសាន, ក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាក្រុមការងារដែលទទួលបន្ទុកអនុវត្ត, តាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ «កម្មវិធីពិសេស» នេះ និងដើរតួជា «ច្រកចេញចូលតែមួយ» ក្នុងការពិនិត្យ, ការវាយតម្លៃ និង ការអនុម័តគម្រោង, ការផ្ដល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានាជាកញ្ចប់ ទៅលើគម្រោងវិនិយោគ ក្រោមវិសាលភាពនៃ «កម្មវិធីពិសេស» នេះ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក