កីឡា
លន បញ្ញា សម្រេចបានសមិទ្ធផលធំ៦ក្នុងអាជីពប្រដាល់ដ៏ជោគជ័យ
ជើងខ្លាំងគុនខ្មែរ លន បញ្ញា អាចចាត់ទុកជាអ្នកប្រដាល់ដែលទទួលបានជោគជ័យបំផុតម្នាក់នាពេលបច្ចុប្បន្ន ហើយរូបគេកំពុងរក្សាបាននូវសមត្ថភាពកម្រិតឈានមុខក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

លន បញ្ញា បានរៀបរាប់ថា ខ្លួនដែលធ្លាប់ចេញទៅធ្វើកម្មករសំណងនៅប្រទេសថៃបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់នៅឆ្នាំ២០១៦ក្នុងវ័យ១៧ឆ្នាំ។ តាមពិតទៅរូបគេចង់ហាត់ប្រដាល់តាំងពីអាយុប្រហែល១០ឆ្នាំ ប៉ុន្តែដោយស្រុកកំណើតនៅខេត្តព្រៃវែង ហើយគ្មានអ្នកណែនាំទៅរកកន្លែងហាត់ទើបរូបគេរសាត់ខ្លួនទៅ ដល់ប្រទេសថៃ។
ស្ថិតក្រោមការបណ្តុះបណ្តាលរបស់លោកគ្រូ ធន់ សុភា និងលោកគ្រូ តឹក ឡៃ នៅឆ្នាំដែលចាប់ផ្តើមហ្វឹកហាត់ លន បញ្ញា ទទួលបានឱកាសចេញប្រកួតយ៉ាងឆាប់រហ័ស។ សមត្ថភាពរបស់គេបានកើនឡើងជាលំដាប់រហូតប្រកួតអន្តរជាតិ និងប្រកួតដណ្តើមខ្សែក្រវាត់ជាច្រើនលើក។

លន បញ្ញា បានប្រាប់ថា ៖«គោលដៅរបស់ខ្ញុំគឺចង់ល្បី ចង់បានខ្សែក្រវាត់ មានកេរ្តិ៍ឈ្មោះ ខំប្រឹងហ្វឹកហាត់។ ដំបូងៗ ខ្ញុំវ៉ៃចាញ់ ពេលខ្លះបាក់ទឹកចិត្តដែរ ជាពិសេសប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាដើម ឬដណ្តើមមេដាយមាស។ ខ្ញុំប្រកួតវគ្គផ្តាច់ព្រ័ត្រលើកដំបូងជាមួយកីឡាករ ឡុង ជិន ដណ្តើមមេដាយមាសថ្នាក់ជាតិនៅ 7NG ហើយចាញ់ ឡុង ជិន ដោយពិន្ទុ។ ខ្ញុំបានលេខ២ត្រឹមមេដាយប្រាក់។ ខ្ញុំអត់ចិត្ត ពីព្រោះខ្ញុំអត់ចង់បានលេខ២ទេ គឺចង់បានលេខ១។ លើកទី២ជាមួយ លាភ រដ្ឋា ហើយខ្ញុំចាញ់ដោយបោះបង់ចោលការប្រកួត ទទួលបានចំណាត់ថ្នាក់លេខ២ទៀត។ ពេលនោះ ខ្ញុំវ៉ៃ លាភ រដ្ឋា រាប់ហើយ តែគេវ៉ៃខ្ញុំរាប់វិញ។ ពេលនោះ ខ្ញុំចុះមកក្រោមវិញ យំស្តាយអត់បានលេខ១»។

ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រជាច្រើន ហើយការខកចិត្តស្ទើរក្លាយជាទម្លាប់ទៅហើយទើប លន បញ្ញា ក្កោបបានចំណាត់ថ្នាក់លេខ១ជាបន្តបន្ទាប់។ កីឡាករបានប្រាប់ថា ៖«ក្រោយមកទើបខ្ញុំទទួលបានលេខ១។ ខ្ញុំបានមេដាយមាសថ្នាក់ជាតិ៤លើក មានមេដាយកីឡាស៊ីហ្គេម។ បច្ចប្បន្នខ្ញុំមានខ្សែក្រវាត់ចំនួន៦ ហើយមេដាយមាសកីឡាស៊ីហ្គេម១គ្រឿងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ និងមេដាយប្រាក់ស៊ីហ្គេមនៅវៀតណាម។ សម្រាប់ពានរង្វាន់វិញខ្ញុំទទួលបានច្រើនប្រហែលជា១០ពាន»។
លន បញ្ញា សង្កត់ធ្ងន់ថា ៖«មិនជោគជ័យធំធេងសម្រាប់គេ ប៉ុន្តែសម្រាប់ខ្ញុំទទួលបានជោគជ័យធំធេងហើយ។ ក្តីស្រមៃដែលខ្ញុំចង់បានគឺទទួលបានអស់ហើយទាំងខ្សែក្រវាត់ មេដាយមាស និងពានរង្វាន់ ទទួលបានក្របខណ្ឌក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ»។

សមិទ្ធផលសំខាន់
- ខ្សែក្រវាត់៦ខ្សែ
- រថយន្ត១គ្រឿង
- មេដាយមាសថ្នាក់ជាតិ៤គ្រឿង
- មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- មេដាយប្រាក់ កីឡាស៊ីហ្គេម ឆ្នាំ២០២១
- ក្របខណ្ឌទាហាននៅក្រសួងការពារជាតិ

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


