ព័ត៌មានអន្ដរជាតិ
ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់ទិដ្ឋាការដល់ទេសចរបរទេស បន្ទាប់ពីគ្រោះរញ្ជួយដី
មីយ៉ាន់ម៉ា បានផ្អាកការផ្ដល់ទិដ្ឋាការទាំងអស់សម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី០៣ខែមេសា ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនៅតែបន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៨ខែមេសា។

ក្រសួងអន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ា បានប្រកាសថា៖ «ដោយសារតែការរញ្ជួយដីនាពេលថ្មីៗនេះ យើងជូនដំណឹងដល់អ្នកថា ពាក្យសុំទិដ្ឋាការទេសចរណ៍នឹងត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៣ខែមេសាឆ្នាំ២០២៥។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលអាចកើតមាន និងអរគុណចំពោះការយោគយល់របស់អ្នកក្នុងអំឡុងពេលនេះ។ ការប្រកាសបន្ថែមនឹងត្រូវបានធ្វើឡើងនៅពេលដែលសេវាកម្មចាប់ផ្តើមឡើងវិញ»។ ទោះយ៉ាងណាបើតាមសេចក្ដីប្រកាសនេះ ពាក្យសុំទិដ្ឋាការពាណិជ្ជកម្មនៅតែដំណើរការជាធម្មតា។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរបបយោធាប្រកាសថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ ៦០០នាក់ស្លាប់ ជិត ៥ ០០០នាក់រងរបួស និងជាង ២០០នាក់បាត់ខ្លួន ខណៈសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) បានផ្សាយថា ចំនួនអ្នកស្លាប់បានកើនលើសពី ៤ ០០០នាក់ហើយ។

ក្រៅពីផ្អាកទិដ្ឋាការទេសចរណ៍ របបយោធាក៏បានបដិសេធសំណើសុំចូលប្រទេសពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលមានគោលបំណងស្វែងរកព័ត៌មានពីការរញ្ជួយដីនៅក្នុងតំបន់រងគ្រោះ។ របបយោធាបានលើកហេតុផលថា ខ្លួនពុំមានកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់អ្នកសារព័ត៌មានបរទេសទាំងនោះទេ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ឧត្តមសេនីយរងលោក Soe Win ក៏បាននិយាយដែរថា ក្រុមជំនួយសង្គ្រោះគ្រោះរញ្ជួយដីបរទេសមកពី២៦ប្រទេស មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ប្រតិបត្តិការពួកគេត្រូវបានអនុញ្ញាតលុះត្រាតែពួកគេសហការជាមួយអាជ្ញាធរ។ លោកក៏បានព្រមានដល់អ្នកគ្រប់គ្រងក្នុងតំបន់មិនត្រូវអនុញ្ញាតឱ្យក្រុមជំនួយ និងអង្គការក្រៅរដ្ឋាភិបាលចូលក្នុងតំបន់របស់ពួកគេទេ លុះត្រាតែពួកគេសហការជាមួយក្រុមជំនួយក្នុងស្រុក។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានមនុស្សជាង ១៧.២លាននាក់រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ក្នុងនោះជាង ៩.១លាននាក់បានប្រឈមនឹងការរញ្ជួយខ្លាំងបំផុតនៅតំបន់ចំនួន៥៨ ហើយបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់ជាមួយនឹងតម្រូវការចំបាច់ ដូចជា អាហារ ទឹកស្អាត ការថែទាំសុខភាព ជំនួយជាសាច់ប្រាក់ និងទីជម្រកបណ្ដោះអាសន្ន។
ស្របពេលជាមួយគ្នានេះ របបយោធានៅតែបន្តការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិលនៅទូទាំងប្រទេស រួមទាំងតំបន់ដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦៨នាក់គិតត្រឹមថ្ងៃទី៤ខែមេសា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


