ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការផ្ដល់ការថែទាំសុខភាពជូនសិស្ស-និស្សិតនគរបាល ជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងថា ការផ្ដល់ការថែទាំសុខភាពជូនដល់សិស្សនគរបាល និងនិស្សិតនគរបាល ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពសិស្ស-និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្តិសុខជាតិ។

ការលើកឡើងនេះ ក្នុងឱកាស លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយលោកនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណជា ១ ២០០ នាក់ កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល កាលពីពេលថ្មីៗ និស្សិតនគរបាល និងសិស្សនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ នឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទៅព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ចាប់ពីខែមករា ឆ្នាំ ២០២៥ នេះតទៅ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងថា «ការផ្ដល់ការថែទាំសុខភាពជូនដល់និស្សិតនគរបាល និងសិស្សនគរបាល ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់សិស្ស និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្តិសុខជាតិ ដែលនៅពេលឈឺថ្កាត់ មាតុភាព ឬ គ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ដោយពួកគេអាចទទួលបានការព្យាបាលទាន់ពេលវេលា ការពារបាននូវការចំណាយផ្ទាល់ខ្លួន ដើម្បីព្យាបាលអំឡុងពេលកំពុងសិក្សានេះផងដែរ»។

ជាមួយគ្នានេះ លោកនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានអរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងកោតសរសើរចំពោះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានសារៈសំខាន់នេះឡើង ដើម្បីឲ្យថ្នាក់ដឹកនាំ និងសិស្ស-និស្សិតនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា យល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


